អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមផ្សព្វផ្សាយសេចក្តីណែនាំលេខ ២៥៣៩/២៦ អគរ ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ស្តីពីការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅ ថ្ងៃទី៤ខែឧសភា ឆ្នាំ២០២៦ បានចេញលិខិតជម្រាបមកលោក លោកស្រី ប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករ កម្មវត្ថុ ការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់។
ឯកឧត្តមបណ្ឌិត គុណញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងថា ផ្លែទុរេនស្រស់ដែលមាន ដើមកំណើតពីប្រទេសថៃជាទំនិញហាមឃាត់ដាច់ខាតលើការនាំចូល។ ក្នុងន័យនេះដើម្បីចូលរួមទប់ស្កាត់ការ នាំចូលដោយខុសច្បាប់នូវផ្លែទុរេនស្រស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំដូចខាងក្រោម៖
ត្រូវតាមដាន និងទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវរាល់ការប៉ុនប៉ងលួចនាំចូលផ្លែទុរេនស្រស់ដែលមាន ដើមកំណើតពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា តាមគ្រប់មាត់ច្រកព្រំដែន រាប់បញ្ចូលទាំងច្រករបៀង, កំពង់ផែ, និងការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសឡាវ ឬប្រទេសវៀតណាមផងដែរ
ដោយឡែក ចំពោះការនាំចូលផ្លែទុរេនស្រស់ដែលមានដើមកំណើតពីប្រទេសដទៃ ត្រូវអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវខ្លឹមសារលិខិតលេខ ២១០៧/២៥ អគរ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ជាពិសេស ការតម្រូវឱ្យមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រភូតគាមអនាម័យពីប្រទេសនាំចេញ។
ទទួលបានសេចក្តីណែនាំនេះ សូមលោក លោកស្រី ចាត់ចែងផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព និង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ រក្សាសិទ្ធដោយ៖សុទ្ធលី






