អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.”បានចេញលិខិតបង្គាប់ការ គឺលោក គឹម ប្រុស ប្រធានសាខាក.ប.ប. ខេត្តបាត់ដំបង ត្រូវចាត់ឱ្យមកបំពេញការងារនៅទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តនីតិវិធីរបស់ក្រុមប្រឹក្សាវិន័យនៃក្រសួងពាណិជ្ជកម្ម ស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ។
តាមការចាំបាច់របស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង “ក.ប.ប.” បង្គាប់ : ត្រូវបានចាត់តាំង លោក គឹម ប្រុស អត្តលេខ១៧៣០៥០០០២០ ក្របខ័ណ្ឌ ក.២.២ បច្ចុប្បន្នជា ប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ខេត្តបាត់ដំបង ឱ្យមកជួយការងារពាក់ព័ន្ធ នឹងការរួមបញ្ចូលគ្នានៃធុរៈកិច្ច នៅនាយកដ្ឋានកិច្ចការប្រកួតប្រជែង នៃអគ្គនាយកដ្ឋានកិច្ចការពារ អ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម
ប្រគល់ភារកិច្ចជូន លោក ចេង ជីវ័ន្ត អត្តលេខ១៦៧០៦០០០១៥ ក្របខ័ណ្ឌ ក.២.២ បច្ចុប្បន្នជា អនុប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ខេត្តបាត់ដំបង ជាប្រធានស្តីទី សាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ខេត្តបាត់ដំបង។
លិខិតបង្គាប់ការនេះ មានប្រសិទ្ធភាពអនុវត្តរហូតដល់ថ្ងៃចប់បេសកកម្ម។
ពីវេទិកាជួបក្រុមប្រឹក្សា ខេត្ត ក្រុង ឃុំ-សង្កាត់ នៅខេត្តស្វាយរៀងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោបានឲ្យដឹងថា សម្តេចតេជោ បានស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូល (ក.ប.ប) ដែលកុហករឿងទុរេននាំចូល ដេីម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លេីនិងប្រជាជន។
ឯកឧត្តមអ្នកនាំពាក្យសម្ដេចតេជោ បានបន្តថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងសួរនាំរឿងមន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃ។ សម្តេចតេជោ បានបង្ហាញការហួសចិត្តចំពោះមន្ត្រី ក.ប.ប ខេត្តបាត់ដំបង ដែលទៅប្រកាសថាទុរេននោះជាទុរេនខេត្តកំពង់ចាម។
ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ ប្រជាពលរដ្ឋមិនទាន់អស់ចិត្តទេ ខ្ញុំក៏មិនទាន់អស់ចិត្តដែរ។ តើមន្ត្រីរូបហ្នឹងបានមានវិធានការហើយនៅ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហានេះ មិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់មន្ត្រីគ្រប់រូប មិនគួរយកគំរូតាមមន្ត្រីរូបនេះនោះឡើយ។
សម្រាប់មន្ត្រីបែបនេះ សម្តេចតេជោ បានបញ្ជាក់ថា មិនគួរចាត់វិធានការត្រឹមអនុវត្តន៍វិន័យរបស់មន្ត្រីនោះទេ គួរចាត់វិធានការផ្លូវច្បាប់ ដើម្បីព្រមានមន្ត្រីខិលខូច ដែលមិនគួរកើតមាន។ រក្សាសិទ្ធដោយ៖សុទ្ធលី





