នាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ព្រឹត្តិការណ៍បើកសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ Trinh Thi Thuy អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាលមហោស្រពសន្និសីទចតុម្មុខ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍បើកសប្តាហ៍វប្បធម៌វៀតណាមឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងថារយៈពេលជាច្រើនឆ្នាំមកនេះ កម្ពុជានិងវៀតណាមតែងតែមានទំនាក់ទំនងក្នុងស្មារតីអ្នកជិតខាងល្អ សាមគ្គីភាព និងយោគយល់គ្នាខ្ពស់។ ការរឹតចំណងមិត្តភាពតាមរយៈការអនុវត្តកិច្ចព្រមព្រៀងផែនការសហប្រតិបត្តិការស្តីពីវប្បធម៌ និងសិល្បៈ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។
បន្ថែមពីនេះលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះគ្រប់តួអង្គទាំងអស់ ទាំងថ្នាក់ដឹកនាំ និងសិល្បករ សិល្បការិនី របស់ប្រទេសទាំងពីរ ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍សប្តាហ៍វប្បធម៌ ប្រកបដោយជោគជ័យ និងមិនដែលអាក់ខាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី


























