ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិនដែលដឹកនាំដោយ លោក Qiu Wenxu អនុប្រធានវិទ្យាស្ថាន Haikou Silk Road Academy of Social Sciences។
ជំនួបនេះរៀបចំឡើង ក្នុងគោលបំណងស្វែងយល់អំពីសក្ដានុពលវិនិយោគ និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យឧស្សាហកម្ម, កសិកម្ម, ការអប់រំអន្តរជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។
ជាកិច្ចចាប់់ផ្ដើម ឯកឧត្តមអគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ពីឱកាសវិនិយោគ ជាពិសេសលើការអភិវឌ្ឍវិស័យកសិកម្ម កិច្ចសហប្រតិបត្តិការទាក់ទងនឹងការវិនិយោគផ្ទាល់នៅក្រៅប្រទេស (ODI) រវាងខេត្តហៃណាន និងកម្ពុជា ព្រមទាំងនីតិវិធីនៃការចុះបញ្ជីគម្រោងមានលក្ខណៈគ្រប់គ្រាន់ (QIP)។ ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន នាពេលកន្លងមក ពិសេសលើការជំរុញ ការផ្តល់កិច្ចសម្រួល និងការថែទាំវិនិយោគ។ ឯកឧត្តមក៏បានលើកឡើងផងដែរពីសក្តានុពល និងរបបលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់សកម្មភាពវិនិយោគលើវិស័យកសិកម្ម និងវិស័យអាទិភាពដទៃទៀត ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រនានា ព្រមទាំងលើកទឹកចិត្តដល់គណៈប្រតិភូឱ្យពន្លឿនការសិក្សា និងអនុវត្តគម្រោងរបស់ខ្លួនឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗ ដើម្បីចាប់យកកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធ ដែលកំពុងមានសក្តានុពលខ្ពស់។
ជាការឆ្លើយតប គណៈប្រតិភូបនថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែយកចិត្តទុកដាក់គាំទ្រ និងសម្របសម្រួលដល់វិនិយោគិន។ ជាមួយគ្នានេះ គណៈប្រតិភូបានជម្រាបជូនពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស ឡូជីស្ទីក កម្មន្តសាល និងវិស័យកសិកម្ម ពិសេសការដាំដុះនិងកែច្នៃផលិតផលកសិកម្ម ដែលជាវិស័យមានសក្តានុពលគួរឱ្យកត់សម្គាល់នៅកម្ពុជា ព្រមទាំងបានអះអាងពីការប្តេជ្ញាចិត្តក្នុងការសហការជិតស្និទ្ធជាមួយ ក.អ.ក និងភាគីពាក់ព័ន្ធ ដើម្បីជំរុញគម្រោងកិច្ចសហប្រតិបត្តិការទាំងនេះឱ្យទទួលបានជោគជ័យ។
ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គលេខាធិការរង បានថ្លែងអំណរគុណដល់គណៈប្រតិភូដែលបានជ្រើសរើសកម្ពុជាជាទិសដៅទស្សនកិច្ចស្វែងរកឱកាសវិនិយោគ និងបានជូនពរគណៈប្រតិភូឱ្យទទួលបានលទ្ធផលជាផ្លែផ្កាក្នុងបេសកកម្មការងារនេះ។ រក្សាសិទ្ធដោយ៖សុទ្ធលី














