នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយ Credit Bureau Cambodia (CBC) បានរៀបចំវេទិកាពិភាក្សាស្តីពី «ការលើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព» ដើម្បីលើកកម្ពស់ចំណេះដឹងបន្ថែមដល់អ្នកសារព័ត៌មានលើផ្នែកហិរញ្ញវត្ថុ ជាពិសេសការប្រើប្រាស់សេវាឥណទានប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវមិនប្រឈមនឹងហានិភ័យនៅសណ្ឋាគារ អូកវូដ ព្រីមៀ ភ្នំពេញ ផ្លូវលេខ ៥៨R រាជធានីភ្នំពេញ (បឹងកក់)។
ដោយមានកិច្ចសហការជាមួយ Credit Bureau Cambodia (CBC) ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាដូចប្រធានបទខាងលើ ដើម្បីលើកកម្ពស់ចំណេះដឹងបន្ថែមដល់ អ្នកសារព័ត៌មានលើផ្នែកហិរញ្ញវត្ថុ ជាពិសេសការប្រើប្រាស់សេវាឥណទានប្រកបដោយសុវត្ថិភាព និង ការទទួលខុសត្រូវមិនប្រឈមនឹងហានិភ័យ។ ផ្ដើមពីចំណេះដឹងនោះអ្នកសារព័ត៌មាននឹងផ្សព្វផ្សាយបន្ត ដល់សាធារណជនបានយល់ដឹង និងមានការសម្រេចចិត្តត្រឹមត្រូវលើការប្រើប្រាស់ឥណទានប្រកប ដោយការទទួលខុសត្រូវ ហានិភ័យកម្រិតទាប។
វាគ្មិនជំនាញល្បីៗ មកពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុនឹងចូលរួមក្នុងវេទិកាពិភាក្សាដ៏មានសារសំខាន់នេះ។
នៅក្នុងឱកាសបើកវេទិកានោះ លោក ពុយ គា បានសង្កត់ធ្ងន់លើតួនាទីយ៉ាងសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការបញ្ជូនព័ត៌មានពិត និងការអប់រំផ្នែកហិរញ្ញវត្ថុទៅកាន់ប្រជាពលរដ្ឋ។ លោកបានមានប្រសាសន៍ថា៖
«ការយល់ដឹងពីរបៀបប្រើប្រាស់ឥណទាន ឬប្រាក់កម្ចីឱ្យបានត្រឹមត្រូវ និងសុវត្ថិភាព គឺជារឿងចាំបាច់បំផុតសម្រាប់ប្រជាពលរដ្ឋក្នុងយុគសម័យនេះ ដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុល និងដើម្បីយកទុនទាំងនោះទៅពង្រីកអាជីវកម្មពិតប្រាកដ។»
វិសាលភាពនៃវេទិកាពិភាក្សានេះ ទទួលបានការចាប់អារម្មណ៍និងការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកសារព័ត៌មាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

















