រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ”កិច្ចសហប្រតិបត្តិការភាពជាដៃគូលើការជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យអភិវឌ្ឍន៍ជនបទ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងប្រតិភូអមដំណើរនៃក្រសួងទាំងពីរ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះគឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និងសំដៅជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងសហគមន៍នៅជនបទ ឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព និងបរិយាបន្ន។ តាមរយៈយន្តការសហថាមពលនេះ ក្រសួងទាំងពីរនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៅតាមសហគមន៍ជនបទ និងតំបន់គោលដៅទេសចរណ៍ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានចាត់ទុកជា “មាសបៃតង” របស់កម្ពុជា ដោយប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ អនុស្សរណៈនេះមានគោលបំណងចម្បងចំនួន ៣ ដូចខាងក្រោម៖
ទី១. ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគូភាគី ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ជនបទ តាមរយៈការតភ្ជាប់ផ្លូវគមនាគមន៍ជនបទប្រកបដោយភាពធន់ ការជំរុញការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ការជំរុញការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងភូមិគំរូ ព្រមទាំងការធ្វើពិពិធកម្មសេដ្ឋកិច្ចដើម្បីបង្កើនប្រាក់ចំណូលគ្រួសារនៅជនបទ។
ទី២. បង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់ ប្រជាជននៅតំបន់ជនបទ និងភ្ញៀវទេសចរ សំដៅធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
ទី៣. ផ្លាស់ប្តូរ និងចែករំលែកបទពិសោធ បច្ចេកទេស និងព័ត៌មានពាក់ព័ន្ធនឹងការអភិវឌ្ឍជនបទ និងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍតាមបែបសហថាមពល និងប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព៕រក្សាសិទ្ធដោយ៖សុទ្ធលី












