ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ក្រសួងធម្មការនិងសាសនា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ដូនតារបស់យើងបានបន្សល់ទុកនូវវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ សម្រាប់អនុជនជំនាន់ក្រោយប្រតិបត្តិតរៀងមក។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិរក្ស ថែរក្សា ការពារ វប្បធម៌ ប្រពៃណី និងសាសនាឱ្យមានភាពរឹងមាំនិងរីកចម្រើនជាបន្តបន្ទាប់។ នាពេលកន្លងមក ប្រជាជនយើងមួយចំនួនបានប្រារព្ធ “ពិធីភ្ជាប់ពាក្យ“កូនចៅ ដោយបញ្ចូល-កិច្ចសំពះផ្ទឹមចងដៃ-នៅក្នុងពិធីនេះ ហើយក៏មានប្រជាជនខ្លះបានប្រើប្រាស់ ឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល មកប្រើប្រាស់នៅក្នុងកិច្ចពិធីមួយចំនួននៃមង្គលការ ផងដែរ។ ការរៀបចំពិធីបែបនេះ បាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃការរៀបអាពាហ៍ពិពាហ៍ និងមិនមែនជា ទំនៀមទម្លាប់ដូនតាខ្មែរពីបុរាណយើងទេ ព្រោះថាកិច្ចសំពះផ្ទឹមចងដៃត្រូវបានរៀបចំតែក្នុងថ្ងៃនៃពិធីមង្គលការតែប៉ុណ្ណោះ រីឯឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល ក៏មិនមែនជាសម្លៀកបំពាក់ដែលត្រូវបានប្រើប្រាស់ ក្នុងពិធីមង្គលការនោះដែរ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ក្រសួងធម្មការនិងសាសនា សូមបញ្ជាក់ជូនសាធារណជនថា ទម្រង់ដើម នៃអាពាហ៍ពិពាហ៍ ឬមង្គលការ គឺជាពិធីបង្កប់ទៅដោយទស្សនវិជ្ជាអប់រំ សីលធម៌ និងគុណតម្លៃវប្បធម៌ដ៏ឧត្តុង្គឧត្តម ជាពិសេសការផ្តល់តម្លៃដល់ស្ត្រីជាធំ។ ទម្រង់នៃកិច្ចនីមួយៗត្រូវបានដូនតាខ្មែររៀបចំឡើងយ៉ាងត្រឹមត្រូវ និងមាន លំដាប់លំដោយច្បាស់លាស់ ដោយបែងចែកដាច់ពីគ្នារវាង “ពិធីភ្ជាប់ពាក្យ” និង “ពិធីមង្គលការ”។
អត្ថន័យពិធីភ្ជាប់ពាក្យ (ឬស្តីដណ្តឹង)៖ គឺជាដំណាក់កាលដំបូងនៃការព្រមព្រៀងគ្នារវាងចាស់ទុំទាំងសងខាង ទុកដាក់កូនចៅភ្ជាប់សាច់ភ្ជាប់ឈាមឱ្យបានជាគូស្រករនឹងគ្នាក្នុងពេលខាងមុខ។ នៅក្នុងកិច្ចពិធីភ្ជាប់ពាក្យ ទំនៀមទម្លាប់ បុរាណខ្មែរមានតែកិច្ចចែចូវស្តីដណ្តឹង ជូនវត្ថុបញ្ចាំចិត្ត(បំពាក់ចិញ្ចៀន) និងពិសាស្លាបញ្ជាប់ពាក្យ (ពិសាស្លាភ្ជាប់ពាក្យ) ប៉ុណ្ណោះ។ ឯសាមីខ្លួនប្រុសស្រី មិនទាន់ក្លាយជាប្តីប្រពន្ធពេញលក្ខណៈតាមច្បាប់ និងប្រពៃណីនៅឡើយទេ។
ខ្លឹមសារកិច្ចសំពះផ្ទឹមនិងចងដៃ៖ គឺជាការសែនព្រេនដល់ជីដូនជីតាមេបាទាំងសងខាង ផ្សំផ្គុំសាមីខ្លួន ប្រុសស្រីជាប្តីប្រពន្ធ ដែលមានញាតិមិត្តទាំងសងខាងបាចផ្កាស្លាឱ្យពរជ័យទទួលស្គាល់ជាប្តីប្រពន្ធស្របតាមប្រពៃណី តរៀងទៅ។
ប្រពៃណីទំនៀមទម្លាប់បុរាណខ្មែរយើង ហើយការអនុវត្តរបស់ប្រជាជនមួយចំនួនកន្លងមក មិនស្របតាមលំអានក្បួនប្រពៃណី ធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃដើម នៃពិធីមង្គលការខ្មែរយើង។ គ្មានកិច្ចសំពះផ្ទឹមចងដៃនៅក្នុងថ្ងៃស្តីដណ្តឹងភ្ជាប់ពាក្យនោះទេ
ជាមួយគ្នានេះ ការប្រើប្រាស់ឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល ក៏ជា សកម្មភាពគួរចៀសវាង ពីព្រោះជាឯកសណ្ឋានសម្រាប់ប្រើប្រាស់ក្នុងពិធីផ្លូវការនិងការបំពេញការងារ ដែលរបៀប ប្រើប្រាស់ត្រូវបានកំណត់នៅក្នុងព្រះរាជក្រឹត្យស្តីពីសញ្ញាស័ក្តិ និងឯកសណ្ឋាននៃសមាជិករាជរដ្ឋាភិបាល និង អនុរដ្ឋលេខាធិការ និងព្រះរាជក្រឹត្យស្តីពីរូបសញ្ញារដ្ឋបាល សញ្ញាស័ក្តិ និងឯកសណ្ឋានមន្ត្រីនៃក្របខ័ណ្ឌមន្ត្រី គ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីក្រមការ ព្រមទាំងសេចក្តីណែនាំនានាពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសណ្ឋាននេះ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ក្រសួងធម្មការនិងសាសនា សូមអំពាវនាវដល់អ្នកសម្អាងការ អាចារ្យ អ្នកភ្លេង អ្នកសិល្បៈ និងអ្នកប្រកបអាជីពពាក់ព័ន្ធនឹងពិធីមង្គលការទាំងអស់ ចូលរួមគោរពប្រតិបត្តិនូវកិច្ចពិធី អាពាហ៍ពិពាហ៍ទៅតាមលំអានក្បួនច្បាប់ឱ្យបានត្រឹមត្រូវ និងសូមពិនិត្យលើការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណី ឱ្យត្រូវទៅតាមប្រភេទពិធី។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ក្រសួងធម្មការនិងសាសនា សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុនផ្តល់សេវាកម្មនិងអ្នកពាក់ព័ន្ធ សាធារណជនទូទៅ និងបងប្អូនប្រជាពលរដ្ឋដែលត្រូវរៀបចំអាពាហ៍ពិពាហ៍ កូនចៅ ជាពិសេសយុវជនជំនាន់ក្រោយត្រូវសិក្សាស្វែងយល់ពីទំនៀមទម្លាប់ប្រពៃណី និងចូលរួមសហការ គោរព និងថែរក្សាតម្លៃវប្បធម៌ដ៏ផូរផង់របស់ជាតិយើងឱ្យបានគង់វង្ស និងរុងរឿងជានិច្ចនិរន្តរ៍៕រក្សាសិទ្ធដោយ៖សុទ្ធលី







