Tuesday, June 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញ ផលិតផលមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន

ក្នុងឱកាសជំនួបទ្វេភាគីរវាង ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងលោកជំទាវរដ្ឋមន្ត្រី Sun Meijun នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានចុះហត្ថលេខាលើពិធីសារចំនួនពីរ ស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញផលិតផលមៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិន។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័ក ដំណាំនិងបសុសត្វ និងការនាំចេញ និងនាំចូលចំណីអាហារដែលមានសុវត្ថិភាព ផងដែរ។

នាឱកាសនេះ ឯកឧត្តម ឌិត ទីណា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្មកម្ពុជា-ចិន ដែលកំពុងផ្តល់លទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។ ភាគីទាំងពីរបាននិងកំពុងសហការគ្នាពន្លឿននីតិវិធីចាំបាច់នានា ជាពិសេសការចុះបញ្ជីជាមួយ GACC និងការរៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យ ដើម្បីបើកផ្លូវឱ្យកសិផលកម្ពុជាចូលទីផ្សារចិនកាន់តែងាយស្រួល។

សូមបញ្ជាក់ផងដែរថា ពិធីសារលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យ ឬហៅកាត់ថា SPS គឺជាយន្តការព្រមព្រៀងគ្នាបើកទីផ្សារដ៏សំខាន់មួយសម្រាប់ភាគីទាំងពីរ។ ពិធីសារ SPS កំណត់លក្ខខណ្ឌ ថែទាំ ប្រមូលផល សម្អាត កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូន ដើម្បីធានាថារាល់កសិផលនាំចេញទាំងអស់ មិនមានផ្ទុកមេរោគ សារធាតុគីមី សត្វល្អិតចង្រៃ ឬជំងឺឆ្លង ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ និងដំណាំឡើយ។

បើគ្មានពិធីសារ SPS ទេ គឺមិនអាចនាំចេញបានទេ បើទោះបីជាមានអ្នកចាំទិញក៏ដោយ ពីព្រោះប្រទេសនាំចូលតម្រូវឱ្យមានការចុះហត្ថលេខាលើពិធីសារ SPS លើកសិផលនីមួយៗជាមុនសិន ទើបគេអនុញ្ញាតឱ្យចូលក្នុងទីផ្សាររបស់គេជាផ្លូវការបាន។

ការចុះពិធីសារនិងអនុស្សរណៈនៃការយោគយល់ខាងលើនេះ បញ្ជាក់ពីលទ្ធផលផ្លែផ្កា ផ្អែកលើគោលជំហររួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនទំហំកសិ-ពាណិជ្ជកម្មកម្ពុជា-ចិន។ ក្នុងនោះ ភាគីទាំងពីរនឹងជំរុញការនាំចេញកសិផលសក្តានុពលពីកម្ពុជាទៅកាន់ទីផ្សារចិន ព្រមទាំងធានាបាននូវគុណភាព និងស្តង់ដារអនាម័យ សំដៅនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×