ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ តាងនាមឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទានរវាងប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តឡើងនៅទីស្នាក់ការអាជ្ញាធរមីន ក្រោមការចូលរួមចុះហត្ថលេខារវាង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និង លោក Enrico Gaveglia អ្នកតំណាងអង្គការ UNDP ប្រចាំកម្ពុជា។
តាមកិច្ចព្រមព្រៀងនេះ ប្រទេសអូស្រ្តាលី បានផ្តល់វិភាគទានចំនួន ១.៥ លានដុល្លារអូស្រ្តាលី តាមរយៈ ”គម្រោងបោសសម្អាតដើម្បីលទ្ធផលដំណាក់កាលទី V (CfR-V)” ដែលជាគម្រោងមានម្ចាស់ជំនួយជាច្រើន រួមមាន រដ្ឋាភិបាលកម្ពុជា អ៊ីតាលី លុចសំបួ និងនូវែលសេឡង់ ហើយអនុវត្តរួមគ្នាដោយអាជ្ញាធរមីន និងអង្គការ UNDP។
ជំនួយនេះនឹងគាំទ្រលើកិច្ចការបោសសម្អាតមីន ការអប់រំអំពីហានិភ័យយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការគាំទ្រជីវភាពរស់នៅរបស់ប្រជាជនផ្លាស់ទីលំនៅ ព្រមទាំងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចសង្គម ក្នុងខេត្តចំនួនបួន រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ និងព្រះវិហារ ដែលជាខេត្តរងផលប៉ះពាល់ខ្លាំងដោយសារជម្លោះតាមព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា សកម្មភាពមីននៅកម្ពុជា គឺជាដៃគូអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌យូវអង្វែងមួយដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ ១៩៩២ មក ថវិកាប្រមាណជាង ១ពាន់លានដុល្លារ ត្រូវបានវិនិយោគលើការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ការជួយជនរងគ្រោះ និងការពារសហគមន៍ ដែលក្នុងនោះប្រមាណ ៧០ ភាគរយ ជាជំនួយពីសហគមន៍អន្តរជាតិ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏បានបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំការវិនិយោគជាតិប្រកបដោយនិរន្តរភាពក្នុងសកម្មភាពមីន។
ឯកឧត្តមទេសរដ្ឋមន្រ្តីបន្ថែមថា អូស្ត្រាលីជាដៃគូសកម្មភាពមីនដែលគួរឱ្យទុកចិត្តមួយរបស់កម្ពុជាតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ និងបានគាំទ្រគម្រោង CfR តាំងពីដំណាក់កាលទី១ ឆ្នាំ២០០៦ ដោយមានវិភាគទានសរុប ៤៥.៣១ លានដុល្លារអូស្រ្តាលី។ ការចូលរួមចំណែកក្នុងដំណាក់កាល CfR-V បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គោះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ UNDP ដែលបានឈរជាមួយអាជ្ញាធរមីនជិត ២០ ឆ្នាំកន្លងមក តាមរយៈគម្រោង CfR ដែលបានរួមចំណែករំដោះផ្ទៃដីប្រមាណ ៤២៧ គីឡូម៉ែត្រការ៉េ ជូនប្រជាពលរដ្ឋកម្ពុជា ស្មើនឹង ១៣.៥ ភាគរយនៃលទ្ធផលសរុបនៃការបោសសម្អាតទូទាំងប្រទេស។ រក្សាសិទ្ធដោយ៖សុទ្ធលី











