ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-អាល្លឺម៉ង់រួមគ្នាលើកកម្ពស់និរន្តរភាពវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Christof Weigelmeier អនុប្រធានបេសកកម្ម និងជាប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះកិច្ចព្រមព្រៀងសម្រាប់អនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស «ឧស្សាហកម្មវាយនភណ្ឌប្រកបដោយចីរភាពនៅកម្ពុជា ជំហានទីពីរ (FABRIC Cambodia II)» រវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លីម៉ង់ (GIZ) ។

ពិធីចុះកិច្ចព្រមព្រៀងនេះ កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងទិសដៅបន្តលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព និងពង្រឹងការអនុលោមតាមស្តង់ដាសង្គម និងបរិស្ថានដោយសហការជាមួយវិស័យសាធារណៈនិងឯកជន ។

នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ដែលបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប (GFT)។ ការចុះកិច្ចព្រមព្រៀងនាពេលនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការគាំទ្រ និងចែករំលែកសាមគ្គីភាពជាមួយប្រជាជនកម្ពុជា ជាពិសេសបងប្អូនកម្មករនិយោជិត។ ពិធីនេះមានអត្ថន័យលើសពីកិច្ចព្រមព្រៀងក្នុងការពង្រឹងភាពជាដៃគូអន្តរជាតិឱ្យកាន់តែរឹងមាំ និងជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការប្រែក្លាយគោលបំណងរួមដ៏ឧត្តុង្គឧត្តមទៅជាសកម្មភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ជាក់ស្តែងដល់បងប្អូនកម្មករនិយោជិត សហគ្រាស និងជួយពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ ។

ទន្ទឹមនេះ លោក Christof Weigelmeier មានប្រសាសន៍ថា អាល្លឺម៉ង់មានមោទនភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាតាមរយៈគម្រោងដ៏សំខាន់នេះ ដើម្បីបន្តលើកកម្ពស់សិទ្ធិការងារ ស្តង់ដាបរិស្ថាន និងសង្គម ព្រមទាំងគាំទ្រការអភិវឌ្ឍវិស័យ GFT ដោយលោកគូសបញ្ជាក់ថា ការពង្រឹងស្តង់ដាបរិស្ថាន សង្គម សិទ្ធិមនុស្ស និងការត្រួតពិនិត្យអនុលោមភាពនឹងជួយបង្កើនភាពប្រកួតប្រជែងកម្ពុជាក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ លោកថ្លែងថា អាល្លឺម៉ង់ត្រៀមខ្លួនបន្តគាំទ្រគម្រោងនេះបន្ថែមទៀត និងប្តេជ្ញាបន្តធ្វើជាដៃគូដ៏រឹងមាំរបស់កម្ពុជាទាំងក្នុងដំណើរឆ្ពោះទៅការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ៕ រក្សាសិទ្ធដោយ៖សុទ្ធលី