ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ អេច-ជេ សឺវីស ម.ក ត្រូវបានដកហូតអាជ្ញាបណ្ណ តាមរយៈប្រកាសលេខ ធ១៤.០២៦.២០៦.ប្រ.ក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ និងត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការជម្រះបញ្ជី ដោយក្រុមហ៊ុន រីចន៍ & ផាតនើរ ដែលត្រូវបានតែងតាំងជាអ្នកជម្រះបញ្ជីសម្រាប់គ្រឹះស្ថាន ក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិ នៃកម្ពុជា តាមរយៈប្រកាសលេខ ធ១៤.០២៦.២៦០.ប្រ.ក ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
ផ្អែកតាមរបាយការណ៍របស់អ្នកជម្រះបញ្ជី គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ជេ សឺវីស ម.ក ស្ថិតក្នុងស្ថានភាពអសាធនភាព (បំណុលមានទំហំធំជាងទ្រព្យសកម្ម) និងបានធ្វើប្រតិបត្តិការអាជីវកម្ម ហួសដែនកម្រិត នៃអាជ្ញាបណ្ណដែលបានផ្តល់ឱ្យដោយធនាគារជាតិនៃកម្ពុជា។ អនុលោមតាមមាត្រា៦២ នៃច្បាប់ស្តីពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងករណី អសាធនភាព ការជម្រះបញ្ជីក្រោមការត្រួតពិនិត្យ របស់អាជ្ញាធរអាណាព្យាបាលត្រូវប្រែក្លាយទៅជាការជម្រះបញ្ជីតាមផ្លូវតុលាការ។ ទន្ទឹមនេះ យោងមាត្រា៥៥ និងមាត្រា៥៦ នៃច្បាប់នេះ ក្នុងករណី បុគ្គលណា ជាឯកត្តជនក្តីឬក្នុងនាមអង្គភាពក្តី ដែលយកប្រតិបត្តិការ ធនាគារជាវិជ្ជាជីវៈជាប្រក្រតីនិងសម្រាប់សាធារណជន ដោយគ្មានការអនុញ្ញាត (ធ្វើប្រតិបត្តិការអាជីវកម្ម ហួសដែនកម្រិតនៃអាជ្ញាបណ្ណ) នឹងត្រូវទទួលរងពិន័យ និងទណ្ឌកម្មតាមច្បាប់ជាធរមាន តាមសេចក្តីសម្រេច របស់តុលាការ។រក្សាសិទ្ធដោយ៖ សុទ្ធលី




