ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មក្នុងពានរង្វាន់ជើងឯកតំបន់អាស៊ាន SEA V-CUP រដូវកាលទី៦ ឆ្នាំ២០២៦ មានចំនួន ២ជើង ដោយជើងទី១ ធ្វើឡើងនៅប្រទេសហ្វីលីពីន និងជើងទី២ ធ្វើឡើងប្រទេសឥណ្ឌូណេស៊ី។ ជាលទ្ធផលក្រុមកម្ពុជា យើងដណ្តើមបានជើងឯក នៅក្នុងជើងទី១ និងចំណាត់ថ្នាក់លេខ៤ នៅក្នុងជើងទី២ ព្រមទាំងពានរង្វាន់ឯកត្តជនមួយចំនួនថែមទៀត។
ជួសមុខឱ្យមហាគ្រួសារបាល់ទះកម្ពុជា ខ្ញុំនិងភរិយា មន្រ្តីរបស់សហព័ន្ធ មន្រ្តីរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីរបស់គណៈកម្មាធិការជាតិអូឡាំពិក គ្រួសារកីឡាកម្ពុជា ព្រមទាំងក្រុមហ៊ុនឧបត្ថម្ភ បានមកទទួលដំណើរត្រឡប់មកដល់មាតុភូមិយើងវិញ របស់ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ក្រុមការងារគ្រូបង្វឹកនិងប្រតិភូ។
ខ្ញុំសូមថ្លែងអំណរគុណដល់ប្រតិភូ ក្រុមការងារគ្រូបង្វឹក និងប្អូនៗកីឡាករ ដែលបានខិតខំប្រកួតប្រឹងប្រែងប្រកួតលើឆាកអន្តរជាតិ ព្រមទាំងនាំយកពានរង្វាន់និងមេដាយជូនជាតិមាតុភូមិ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ពុកម៉ែ បងប្អូនទាំងអស់ ដែលតែងតែចូលរួមគាំទ្រលើកទឹកចិត្តដល់កីឡាករយើង នៅទីលានផ្ទាល់ និងទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងក្នុងនិងក្រៅប្រទេស។
យើងរួមសាមគ្គីគ្នា សហការគ្នាខ្មែរតែមួយជាបន្តទៀត ដើម្បីសម្រេចក្តីស្រម៉ៃ នាំយកសមទ្ធិផលលើឆាកអន្តរជាតិ ជូនជាតិមាតុភូមិយើង នៅថ្ងៃអនាគតជាបន្តបន្ទាប់៕ រក្សាសិទ្ធិដោយ៖សុទ្ធលី




























