លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលី ដឹកនាំដោយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា អមដោយលោកសាស្ត្រាចារ្យ Ricardo Hausmann នាយកស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច Harvard Growth Lab និងជាសាស្ត្រាចារ្យសេដ្ឋកិច្ចនៃ Harvard Kennedy School នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ជំនួបនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវរួមគ្នារវាងធនាគារជាតិនៃកម្ពុជា និង Harvard Growth Lab ពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗរួមមាន ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជា វិស័យធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងការអភិវឌ្ឍផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ ស្របតាមការវិវត្ត និងតម្រូវការនៃវិស័យហិរញ្ញវត្ថុ។
នាឱកាសនេះ លោកជំទាវទេសាភិបាល និងលោកសាស្រ្តាចារ្យ បានពិភាក្សាអំពីវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ការវិវត្តនៃវិស័យហិរញ្ញវត្ថុកម្ពុជា និងកត្តាប្រឈមថ្មីៗដែលវិស័យនេះកំពុងជួបប្រទះ។ រក្សាសិទ្ធិដោយ៖សុទ្ធលី







