ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ នេត្រ ភូម៉ារី បានអំពាវនាវបន្ថែមដល់ដល់កុលបុត្រ កុលធិតាខ្មែរ ជាពិសេសផលិតករ សិល្បករសិល្បការិនី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មេត្តាចូលរួមថែរក្សាវប្បធម៌ប្រពៃណីនៃការស្លៀកពាក់ឱ្យបានសមរម្យស្របតាមកាលៈទេសៈ

លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី « សម្លៀកបំពាក់ប្រពៃណីខ្មែរនៅក្នុងពិធីបុណ្យជាតិ ពិធីមង្គលការ សុជីវធម៌ក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម» នាថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២៦ ទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ​បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ ប្រធានក្រុមការងារយេនឌ័រប្រចាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “សម្លៀកបំពាក់ប្រពៃណីខ្មែរ នៅក្នុងពិធីបុណ្យជាតិ ពិធីមង្គលការ សុជីវធម៌ក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម” ដែលរៀបចំដោយក្រុមការងារ​យេនឌ័រ លោកជំទាវបានសង្កត់ធ្ងន់ថា ការស្លៀកពាក់ ការប្រើប្រាស់ពាក្យសម្តី កាយវិការបានសមរម្យនិងត្រូវតាមកាលវេលា គឺជាការឆ្លុះបញ្ជាំងអំពីអត្តសញ្ញាណជាតិមួយដែលមានអារ្យធម៌ខ្ពង់ខ្ពស់។ ដូនតាខ្មែរបានផលិត និងបន្សល់ទុកនូវគ្រឿងលម្អ គ្របដណ្តប់រាងកាយច្រើនបែបច្រើនយ៉ាង មានទាំងហូល ផាមួង អន្លូញ ជាដើម ដែលប្រជាជនខ្មែរចាស់ក្មេងបានស្គាល់ និងបានប្រើប្រាស់ ច្រើនតំណតជំនាន់ រហូតមកដល់សព្វថ្ងៃ។ ការបន្តផលិត និងការបន្តប្រើប្រាស់នូវផលិតផលខ្មែរដែលដូនតាបានបន្សល់ទុកឱ្យទាំងនោះ គឺបានន័យថា ប្រជាពលរដ្ឋខ្មែរកំពុងបន្តថែរក្សាបាននូវមរតកវប្បធម៌អរូបីរបស់ដូនតា ដែលបង្កប់ទៅដោយបញ្ញាញាណ ទេពកោសល្យ និងចំណេះជំនាញដែលមានក្នុងខ្លួន ហើយពុំមានជនណាអាចលួចយកបានឡើយ។

លោកជំទាវបានអំពាវនាវបន្ថែមដល់ដល់កុលបុត្រ កុលធិតាខ្មែរ ជាពិសេសផលិតករ សិល្បករសិល្បការិនី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មេត្តាចូលរួមថែរក្សាវប្បធម៌ប្រពៃណីនៃការស្លៀកពាក់ឱ្យបានសមរម្យស្របតាមកាលៈទេសៈ​ ស្របតាមកម្មវិធីនីមួយៗ រួមទាំងការប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌ គុណធម៌ ក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ឱ្យសមជាពលរដ្ឋនៃប្រទេសដែលមានវប្បធម៌ អរិយធម៌ខ្ពស់ ដូចពាក្យស្លោកថា “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន” ។ រក្សាសិទ្ធិដោយ៖សុទ្ធលី