ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ កោតស្ញប់ស្ញែង និងកោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាព របស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា អង់អាចក្លាហាននៅគ្រប់សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន

នៅក្នុងព្រះរាជពិធីសម្ពោធវិមានសាមគ្គីភាព នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានមានព្រះរាជបន្ទូលថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ គតិបណ្ឌិតដ៏ឆ្នើម និងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្រេចនូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រជាច្រើន។
នាឱកាសនោះ ព្រះអង្គ ក៏បានមានព្រះរាជបន្ធូលបន្តថា ការដាក់ចេញ និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ព្រមទាំងយុទ្ធសាស្ត្រជាបន្តបន្ទាប់ ចាប់តាំងពីយុទ្ធសាស្ត្រត្រីកោណ រហូតដល់យុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយកែទម្រង់មុតស្រួចស៊ីជម្រៅលើគ្រប់វិស័យ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបាន។
ទន្ទឹមនោះផងដែរ ព្រះអង្គ បានមានព្រះរាជបន្ធូលបន្ថែមថា កិច្ចខិតខំប្រឹងប្រែងទាំងនេះបានជំរុញឱ្យសេដ្ឋកិច្ច និងសង្គមកម្ពុជាមានការអភិវឌ្ឍ រីកចម្រើនជាលំដាប់ ព្រមទាំងបានផ្លាស់ប្តូរមុខមាត់ថ្មីរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិគួរជាទីមោទនៈបំផុត។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលបន្តទៀតថា ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលនៅគ្រប់កាលៈទេសៈដែលប្រទេសជាតិត្រូវទទួលរងការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីសំណាក់បរទេសនាពេលកន្លងទៅ ខណៈដែលសម្តេចបានដឹកនាំ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ជាពិសេសជាមួយបងប្អូនវីរយុទ្ធជនយើងនៅគ្រប់លំដាប់ថ្នាក់ និងនៅតាមទីតាំងបញ្ជារការជួរមុខតាមបណ្តោយព្រំដែនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់ប្រឹក្សាយោបល់យុទ្ធសាស្រ្ត ផ្តល់ការលើកទឹកចិត្តគាំទ្រគ្រប់បែបយ៉ាង និងគ្រប់ទិដ្ឋភាព ដោយគ្មានពេលសម្រាកទាំងយប់ទាំងថ្ងៃ ដើម្បីបុព្វហេតុតែមួយគត់ គឺការការពារឱ្យខានតែបាននូវបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិរបស់យើង។

ព្រះរាជឱង្ការដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានបន្តទៀតថា “ខ្ញុំក៏សូមសម្តែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាព របស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា អង់អាចក្លាហាននៅគ្រប់សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេសដែលបានរូបរួមជាកម្លាំងមហាសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទេពកោសល្យដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដឹកនាំកំពូល ក្នុងការប្រយុទ្ធតស៊ូលើគ្រប់សមរភូមិ ទាំងសមរភូមិនយោបាយ សមរភូមិការទូត សមរភូមិយោធា និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យភាពជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជារបស់យើង”។រក្សាសិទ្ធដោយ៖សុទ្ធលី