ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានចេញផ្សាយព័ត៏មានលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា សហរដ្ឋអាមេរិកទទួលស្គាល់ថា សេដ្ឋកិច្ចដ៏រឹងមាំត្រូវការកម្លាំងពលកម្មដែលមានជំនាញ ថ្នាក់ដឹកនាំដែលមានសមត្ថភាព និងអាជីវកម្មដែលវិនិយោគលើការអភិវឌ្ឍសមត្ថភាពប្រជាជន។ ការពង្រឹងអំណាចពិតប្រាកដ គឺការធានាថាគ្រប់គ្នាទទួលបានឱកាសប្រកួតប្រជែងប្រកបដោយសមធម៌ និងស្មើភាពគ្នា ដើម្បីអភិវឌ្ឍខ្លួនផ្អែកលើសមត្ថភាព និងស្នាដៃផ្ទាល់ខ្លួន។
លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក បានចូលរួមជាមួយសមាគមពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) ដើម្បីសម្ពោធកម្មវិធី EmpowerHER 2026 ដែលជាកម្មវិធីជួយជ្រោមជ្រែង និងតម្រង់ទិសដ៏សំខាន់មួយរបស់ AmCham ក្នុងការភ្ជាប់ទំនាក់ទំនងរវាងអ្នកជំនាញដែលមានបទពិសោធន៍ និងយុវនារីដែលទើបនឹងចាប់ផ្តើមអាជីពការងារ។
ស្ថានទូតអាមេរិកមានមោទនភាពក្នុងការគាំទ្រដល់អ្នកជំនាញតម្រង់ទិស និងយុវជនដែលទទួលបានការណែនាំពីអ្នកជំនាញទាំងនោះ ដែលជាផ្នែកមួយក្នុងការវិនិយោគលើអ្នកដឹកនាំអាជីវកម្មជំនាន់ក្រោយរបស់កម្ពុជា។ ចូលរួមផ្ដល់ឱកាសដល់អ្នកមានសមត្ថភាពដែលកំពុងលេចធ្លោ ព្រមទាំងពង្រឹងអំណាចដល់អ្នកដឹកនាំជំនាន់ក្រោយ ឱ្យកាន់តែមានភាពក្លាហាន និងភាពជាម្ចាស់ការលើអាជីពរបស់ខ្លួន ដែលសមស្របនឹងទទួលជោគជ័យដោយសមត្ថភាពយ៉ាងពិតប្រាកដ។ រក្សាសិទ្ធដោយ៖សុទ្ធលី



