ដោយទទួលបានគោលការណ៏អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងឱកាសដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជាបំពេញទស្សនកិច្ចការងារផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយប្រទេសវៀតណាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក «ផែនទីចង្អុលផ្លូវទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសវៀតណាម» ដោយមានការចូលរួមពី ឯកឧត្តម Nguyễn Trùng Khánh ប្រធានអាជ្ញាធរទេសចរណ៍ជាតិវៀតណាម (VNAT) លោកជំទាវ ទូច សុផារ័ត្ន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំវៀតណាម ព្រមទាំងតំណាងមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ សមាគមទេសចរណ៍ទីក្រុងហូជីមិញ សមាគមទេសចរណ៍កម្ពុជា សមាគមទេសចរណ៍កម្ពុជា ក្រុមហ៊ុនទេសចរណ៍ឯកជននៃប្រទេសទាំងពីរ និង Influeners ល្បីៗ សរុបជាង ១២០រូប នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះជាកម្មវិធីទី៣ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាមទីក្រុងហូជីមិញ, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
ក្នុងសុន្ទរកថាបើកកម្មវិធីនេះ ឯកឧត្តម ហួត ហាក់ បានសម្តែងសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ភាគីពាក់ព័ន្ធ និងដៃគូទេសចរណ៍វៀតណាម ដែលបានចូលរួមគាំទ្រ និងសហការរៀបចំព្រឹត្តិការណ៍នេះ ដែលបានចាត់ទុកព្រឹត្តិការណ៍នេះថា ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងវៀតណាមឱ្យកាន់តែសកម្ម និងជាក់ស្តែង ជាពិសេសជាឱកាសសំខាន់សម្រាប់ជំនួបពិភាក្សា និងបង្កើតកិច្ចសហការរវាងក្រុមហ៊ុនទេសចរណ៍នៃប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចអំពីវឌ្ឍនភាព និងភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានចាត់ទុកជា «មាសបៃតង» ក្រោមម្លប់សុខសន្តិភាពដែលសម្រេចរកបានដោយលំបាកដោយសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន តាមរយៈការទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ និងកម្រិតខ្ពស់ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រួមមាន
មហាសន្និបាតពិភពលោក (GX Summit 2026) ដែលប្រមូលផ្តុំប្រតិបត្តិករទេសចរណ៍គ្រប់ទ្វីបជិត១ ០០០នាក់ កិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំង (Francophonie) លើកទី២០ ព្រមទាំងព្រឹត្តិការណ៍អមដូចជា «ភូមិហ្វ្រង់កូហ្វនី» និង «Francotech» ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាង៩០ប្រទេស ថ្នាក់ដឹកនាំក្រុមហ៊ុនពហុជាតិពីគ្រប់ប្រទេសនៃពិភពលោក។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់តំណាងសមាគមទេសចរណ៍ វិស័យឯកជន អ្នកជំនាញ និងដៃគូទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ ចូលរួមផ្សព្វផ្សាយពីសុខសន្តិភាព ស្ថិរភាព និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកទស្សនា និងវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានសុវត្ថិភាព និងស្ថិរភាពសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគ។
សូមជម្រាបជូនផងដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតពិភពលោក (GX Summit 2026) ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំង (Francophonie) លើកទី២០ ដែលនឹងប្រារព្ធឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៦ ព្រមទាំងមានព្រឹត្តិការណ៍អមដូចជា «ភូមិហ្វ្រង់កូហ្វនី» និង «Francotech»។រក្សាសិទ្ធដោយ៖សុទ្ធលី

















