ក្រសួងធម្មការនិងសាសនា បានចេញសេចក្ដីណែនាំស្តីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ។
ក្រសួងធម្មការនិងសាសនា សូមទូលថ្វាយ ប្រគេន និងជម្រាបជូន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ប្រធាន មន្ទីរធម្មការនិងសាសនារាជធានី ខេត្ត ព្រះមេត្តា មេត្តាជ្រាបថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណី ព្រះពុទ្ធសាសនាដ៏សំខាន់។ អ្នកប្រាជ្ញខ្មែរយើង លោកបានផ្សារភ្ជាប់ខ្លឹមសារនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ ទៅតាមគម្ពីរដីកាមួយចំនួនដូចជា គម្ពីរបេតវត្ថុ គម្ពីរវិមានវត្ថុ គម្ពីរវិជ្ជាធរ ជាដើម ដើម្បីទុកជាទិដ្ឋានុគតិសម្រាប់ ដំណើជីវិតរបស់មនុស្សគ្រប់រូប។ គម្ពីរទាំងនេះមានខ្លឹមសារស្របទៅនឹងបុណ្យភ្ជុំបិណ្ឌ ដែលបង្កប់ទៅដោយផ្នត់ គំនិតសម្រាប់អប់រំ ឱ្យមនុស្សមានការប្រមាទធ្វើអំពើអាក្រក់ ជាហេតុធ្វើឱ្យខ្លួនភ្លាំងភ្លាត់កំណើតទៅកើតក្នុង អបាយភូមិ មាននរក ប្រេត តិរិច្ឆាន ជាដើម។
បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រារព្ធឡើងនៅថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ
ក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖
- បង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម
- បញ្ជាក់ឱ្យឃើញពីការសម្បូរហូរហៀរនៃភោគផល ធញ្ញាហារផ្សេងៗរបស់ប្រជាជនខ្មែរ ផ្គត់ផ្គង់ព្រះសង្ឃក្នុងព្រះវស្សា
សម្តែងនូវកតញ្ញូកតវេទិតាធម៌ ចំពោះបុព្វការីជន មានមាតា បិតា គ្រូឧបជ្ឈាយាចារ្យជាដើម ដាស់តឿនស្មារតីដល់មនុស្សគ្រប់រូបកុំឱ្យមានសេចក្តីប្រមាទក្នុងការធ្វើអំពើបាបនានា
ឧទ្ទិសមហាកុសលជូនដល់បេតបុគ្គល និងសន្សំនូវបុញ្ញនិធិទុកជាទីពឹងរបស់ខ្លួន បន្តថែរក្សាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង ឱ្យតាំងនៅស្ថិតស្ថេរអស់កាលជាយូរអង្វែង។ យោងតាមសេចក្ដីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ លេខ១០/២០២៦ គ.ជ.ប.អ.ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃអាទិត្យ ១រោច ដល់ថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។ ដើម្បីឱ្យការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនាខ្មែរ ក្រសួងធម្មការនិងសាសនា សូមទូលថ្វាយ ប្រគេន និងធ្វើការណែនាំដល់គ្រប់មន្ទីរ ធម្មការនិងសាសនា រាជធានី ខេត្ត ដូចខាងក្រោម៖
សហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ យកចិត្តទុកដាក់បង្កលក្ខណៈឱ្យបាន ល្អប្រសើរ ថ្វាយសម្តេចព្រះសង្ឃ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងរៀបចំបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ព វីរនគរបាល កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ជនរួមជាតិ និងបុព្វបុរស ដែលបានពលីក្នុងបុព្វហេតុជាតិ មាតុភូមិ ស្របតាមប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា ព្រមទាំងរម្លឹកគ្រប់វត្តអារាម ឱ្យរៀបចំសម្អាត បូជនីយដ្ឋាន ស្តូប កន្លែងតម្កល់អដ្ឋិធាតុបងប្អូនជនរួមជាតិ ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យ ពូជសាសន៍ និងតុបតែងលម្អដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោក ដើម្បីអបអរសាទរតាមប្រពៃណីព្រះពុទ្ធសាសនា
ក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គ្រប់វត្តអារាម បើទទួលបានទេយ្យទាន (មានភោជនាហារ នំ ចំណី ជាដើម) លើសពីសេចក្តីត្រូវការ គួរចាត់ចែងរៀបចំជូនដល់ជនភៀសសឹក ចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយហេតុផ្សេងៗទៀត។
ទទួលបានសេចក្ដីណែនាំនេះ លោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត សហការជាមួយ ព្រះមេគណ ព្រះអនុគណ និងព្រះចៅអធិការគ្រប់វត្ត ត្រូវអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕រក្សាសិទ្ធដោយ៖សុទ្ធលី






