ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ជីប យុទ្ធារី អញ្ជើញចូលរួមកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) និង សភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក)

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គភាពប្រឆាំងអំពើពុករលួយ, មានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី “កិច្ចសហប្រតិបត្តិការលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ និងបរិយាកាសធុរកិច្ចល្អប្រសើរ” រវាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) និង សភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក) ក្រោមវត្តមានចូលរួមជាសក្ខីភាពដ៏ខ្ពង់ ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

ពីធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះមានវត្តមាន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រធាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ានសម្រាប់កម្ពុជា។
ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល, សមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា, តំណាងសភាពាណិជ្ជកម្មកម្ពុជារាជធានី-ខេត្ត, សហប្រធានក្រុមការងារផ្នែកឯកជន, តំណាងគ្រឹះស្ថាន សមាគមឯកជន, តំណាងសភាពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជា និងមន្ត្រីពាក់ព័ន្ធនៃ អ.ប.ព នឹងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

លោកជំទាវ ជីប យុទ្ធារី ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិហៅកាត់ CIAECD ក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីមានសារៈសំខាន់នេះដែរ។ លោកជំទាវ ជីប យុទ្ធារី មានប្រសាសន៍ថា៖ នេះជាកិច្ចការដ៏សំខាន់មួយដែលជួយដល់ការរីកចម្រើនវិស័យឯកជននៅប្រទេសកម្ពុជា និងបង្កើតបានបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អឡើង ព្រមទាំងធ្វើឱ្យប្រទេសកម្ពុជាអាចទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI) កាន់តែច្រើនជាងមុន។

វេទិកានេះ មានវត្តមានតំណាងសាក្សីកិត្តិយសពីក្រសួង-ស្ថាប័នសំខាន់ៗ ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ។ ការប្រមូលផ្តុំគ្នានៃស្ថាប័នពាក់ព័ន្ធយ៉ាងទូលំទូលាយបែបនេះ ឆ្លុះបញ្ចាំងពីទំហំនិងទម្ងន់ជាយុទ្ធសាស្ត្រជាតិមួយ ដែលលើសពីកិច្ចព្រមព្រៀងធម្មតា ប៉ុន្តែជាចលនាកសាងជាតិឆ្ពោះទៅរកឧត្តមភាពមួយ «ធុរកិច្ចស្អាតស្អំ» ។

ពីធីចុះអនុស្សរណៈនៃយោគយល់គ្នានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាការបោះជំហ៊ានដ៏មានសារៈសំខាន់នៃការសហការប្រកបដោយភាពជិតស្និទ្ធរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងដើម្បីការពារក្រុមហ៊ុនឯកជនដែលមានស្អាតស្អំ លុបបំបាត់ការប្រកួតប្រជែងមិនស្មើភាព បង្កើនទំនុកចិត្តជូនវិនិយោគិនជាតិ និងអន្តរជាតិ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ស្របតាមឧត្តមានុវត្តន៍តំបន់អាស៊ាន និងសកលលោក។ ជាពិសេស ជាងនេះមិនត្រឹមតែជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាណដ៏ខ្លាំងក្លា ចំពោះវិនិយោគិនជាតិ និងអន្តរជាតិថា កម្ពុជាលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ និងបរិយាកាសធុរកិច្ចល្អប្រសើរ ក្នុងស្មារតីមួយដែលទាំងរដ្ឋ ទាំងវិស័យឯកជន ធ្វើការជាមួយគ្នា។
មានប្រសាសន៍ក្នុងឱកាសដ៏ថ្លៃថ្លានេះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់នូវចំណុចសំខាន់ៗ និងសំណូមពរយុទ្ធសាស្ត្រចំនួន ៥ ដូចខាងក្រោម៖
១. ការវាយតម្លៃខ្ពស់លើការបើកទូលាយរបស់ អ.ប.ព. ដែលបានផ្តល់ទំនុកចិត្តលើ ស.ព.ក. ក្នុងការធ្វើជា “ច្រកចេញចូលតែមួយ” ផ្លូវការ ដើម្បជួយសម្របសម្រួល បញ្ជូនពាក្យបណ្តឹង និងកង្វល់របស់ផ្នែកឯកជន ព្រមទាំងស្នើបង្កើតខ្សែទំនាក់ទំនងផ្ទាល់រវាងជនបង្គោលនៃស្ថាប័នទាំងពីរឱ្យបានឆាប់។
២. ស្នើពន្លឿនការរៀបចំ ស្តង់ដារប្រតិបត្តិការ (SOP) រួមគ្នា ដោយកំណត់ឱ្យមាន ក្របខ័ណ្ឌពេលវេលាច្បាស់លាស់ យន្តការឆ្លើយតបប្រកបដោយតម្លាភាព និងការរក្សាការសម្ងាត់ព័ត៌មានយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្កើតទំនុកចិត្តជូនធុរជន និងអ្នកវិនិយោគនៅកម្ពុជា។
៣. ការបង្កើតយន្តការកិច្ចសន្ទនាប្រចាំឆ្នាំ៖ ស្នើបង្កើតយន្តការ «ពិធីសំណេះសំណាលប្រចាំឆ្នាំ» ឬវេទិការវាងថ្នាក់ដឹកនាំ អ.ប.ព. និង ស.ព.ក (តំណាងវិស័យឯកជន) ដើម្បីដោះស្រាយបញ្ហាប្រឈមជាប្រព័ន្ធ និងលើកកម្ពស់ការយល់ដឹងអំពីកាតព្វកិច្ចអនុលោមភាព។
៤. កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងផ្សព្វផ្សាយ៖ ស.ព.កសហការរួមគ្នាជាមួយ អ.ប.ព. រៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា លើកកម្ពស់ការយល់ដឹងអំពីច្បាប់ប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌ធុរកិច្ចដល់អាជីវករ ពាណិជ្ជករ ធុរជន និងអ្នកវិនិយោគនៅកម្ពុជា។
៥. ការការពារធុរកិច្ចស្អាតស្អំ និងការបង្កើតបរិយាកាសស្មើភាព៖ ស្នើ អ.ប.ព. បន្តជួយគាំទ្រ និងការពារក្រុមហ៊ុន/សហគ្រាសដែលអនុវត្តត្រឹមត្រូវតាមច្បាប់ ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។
តាមរយៈអនុស្សរណៈនៃយោគយល់គ្នានេះក៏ដើម្បីពង្រឹងតួនាទី និងបង្ហាញពីជំហ៊រ និងគោលបំណងយ៉ាងច្បាស់ របស់ សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមស្ថាប័នតំណាងវិស័យឯកជន ដែលជាចក្រចេញចូលផ្លូវការតែមួយគត់ ដែលមានសមត្ថកិច្ចទទួលយករាល់ពាក្យបណ្តឹងរបស់ ធុរជន និង អ្នកវិនិយោគ ដើម្បីបញ្ជូនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាប្រឈម នានារបស់ធុរជន និងវិនិយោគិនទាំងក្នុង និងក្រៅស្រុកប្រកបដោយតម្លាភាព បរិយាកាសធុរកិច្ចល្អប្រសើរ ធានារក្សាការសម្ងាត់ និងលុបបំបាត់ចំណាយក្រៅផ្លូវការ។ MoU នេះកំណត់កាតព្វកិច្ចយ៉ាងច្បាស់លាស់សម្រាប់ភាគីទាំងពីរ ។ ខាងសភាពាណិជ្ជកម្មកម្ពុជា ត្រូវធានាបំពេញតួនាទីជាស្ពានតភ្ជាប់ សម្របសម្រួល-ទទួលពិភាក្សា និងបញ្ជូនពាក្យបណ្តឹងពីសមាជិកមកកាន់ អ.ប.ព. ស្របតាមនីតិវិធីច្បាប់ ព្រមទាំងផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើពុករលួយដល់សមាជិក ស.ព.ក. ទូទាំងប្រទេស។ ចំណែកឯខាង អ.ប.ព. បានប្តេជ្ញាការពារ និងលើកកម្ពស់សុចរិតភាព គាំទ្រយ៉ាងពេញទំហឹងចំពោះការចូលរួមរបស់ភាគីពាក់ព័ន្ធ ព្រមទាំងរក្សាការសម្ងាត់យ៉ាងម៉ឺងម៉ាត់ចំពោះប្រភពព័ត៌មាន និងភស្តុតាងទាំងឡាយណាដែលទទួលបានស្របច្បាប់ — ធានាថារាល់ការផ្តល់ព័ត៌មានទាំងនោះ នឹងត្រូវបានពិនិត្យ ចាត់វិធានការតាមសមត្ថកិច្ច ដោយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងការគោរពនីតិវិធីច្បាប់ជាដាច់ខាត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែសង្កត់ធ្ងន់លើគោលនយោបាយកសាងវប្បធម៌សុចរិតភាពក្នុងវិស័យសេដ្ឋកិច្ច ក្នុងបរិបទសកលដែលការប្រកួតប្រជែងទាក់ទាញការវិនិយោគកំពុងកាន់តែស្រួចស្រាវ។ MoU នេះ ជាការឆ្លើយតបជាក់ស្តែង ចំពោះទិសដៅនោះ ព្រមទាំងជាសារទៅកាន់ពិភពលោកថា កម្ពុជាមិនត្រឹមតែនិយាយពីកំណែទម្រង់ប៉ុណ្ណោះទេ ថែមទាំងកំពុងសាងសង់យន្តការជាក់ស្តែងឲ្យស្ថាប័នរដ្ឋ និងឯកជនធ្វើការជាមួយគ្នា ដើម្បីធានាបាននូវបរិយាកាសវិនិយោគប្រកបដោយតម្លាភាព និងទំនុកចិត្តខ្ពស់។

ស្ថាប័នទាំងពីរបានអំពាវនាវដល់ក្រសួង-ស្ថាប័នរដ្ឋ ធុរជន និងវិនិយោគិនជាសមាជិកសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ ចូលរួមគាំទ្រការអនុវត្ត MoU នេះឲ្យកើតផលជាក់ស្តែង សំដៅឲ្យកម្ពុជាក្លាយជាទីតាំងវិនិយោគដែលមានទាំងភាពទាក់ទាញ ទាំងភាពស្អាតស្អំ ដើម្បីវឌ្ឍនភាព និងចីរភាពសេដ្ឋកិច្ចជាតិយូរអង្វែង៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>