ទីក្រុងហ្សឺណែវ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី២៖ ក្នុងអំឡុងកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នកជំនាញឯករាជ្យស្តីពីការលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយប្រជាធិបតេយ្យ និងសមធម៌។
នៅក្នុងអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ឡើងវិញថា ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ត្រូវតែជាមគ្គុទ្ទេសក៍តម្រង់ទិសសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយប្រជាធិបតេយ្យ និងសមធម៌ ដោយធានាថាទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ត្រូវផ្អែកលើសមភាពអធិបតេយ្យភាព បូរណភាពដែនដី ការមិនប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី — មិនមែនផ្អែកលើភាពខុសគ្នា នៃអំណាចនោះទេ។
ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា យន្តការសន្តិវិធីត្រូវតែបន្តជាមូលដ្ឋានក្នុងការដោះស្រាយជម្លោះ។ កិច្ចសន្ទនា និងការចរចាមានភាពចាំបាច់។ ការសម្រុះសម្រួល ការផ្សះផ្សា ការប្រើប្រាស់យន្តការ Good offices និងយន្តការសន្តិវិធីដទៃទៀត គួរយកមកអនុវត្តក្នុងពេលសមស្រប។ ការស្វែងរកការប្រើប្រាស់យន្តការទាំងនេះ មិនគួរចាត់ទុកជាការប្រឈមមុខដាក់គ្នា ឬជាការបង្កើនកំដៅជម្លោះនោះទេ ប៉ុន្តែជាមធ្យោបាយស្របច្បាប់ និងស្ថាបនា ដើម្បីបង្ការកុំឱ្យមានតានតឹងបន្ថែមទៀត និងរួមចំណែកដល់ដំណោះស្រាយមួយ ដែលប្រកបដោយភាពយុត្តិធម៌ និងយូរអង្វែង។ រក្សាសិទ្ធិដោយ ៖សុទ្ធលី






