ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានណែនាំឱ្យថ្នាក់ភូមិ សង្កាត់ ខណ្ឌត្រូវធ្វើការងារព្រមៗគ្នា ដើម្បីឱ្យប្រជាពលរដ្ឋ ជឿជាក់ លើការដឹកនាំរបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត។
ការណែនាំបែបនេះឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់ វាលស្បូវ, សង្កាត់ព្រែកឯង,សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកថ្មី នៅក្នុងខណ្ឌច្បារអំពៅ ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នាល្ងាចថ្ងៃទី០៩កញ្ញា ឆ្នាំ២០២៦នេះ នៅទីស្នាក់ការគណបក្សខណ្ឌច្បារអំពៅ។
ក្នុងឱកាសនោះ ឯកឧត្ដមឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះមន្ត្រីបក្សមូលដ្ឋាន សមាជិក សមាជិការបក្សទាំង១០៥សង្កាត់ ដែលបានយកអស់កម្លាំងកាយចិត្ត ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតគ្រប់អាណត្តិកន្លងមក។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យមន្ត្រីបក្សមូលដ្ឋាន សមាជិក សមាជិការបក្សទាំងអស់ យកចិត្តទុកដាក់និងធ្វើសកម្មភាពដើម្បីគណបក្សបន្ថែមទៀត ព្រោះមហិច្ចតារបស់គណបក្ស គឺត្រូវដឹកនាំប្រទេសជាតិជារៀងរហូត ដើម្បីសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ឯកឧត្ដមឃួង ស្រេង បានបន្តថា ការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានមហិច្ចតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ គណបក្សប្រជាជនកម្ពុជាបង្កើតបានស្នាដៃជាច្រើនសំរាប់សង្គមជាតិ ពិសេសក្រោមការដឹកនាំ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានភាពសំបូរសប្បាយ។ គណបក្សប្រជាជនកម្ពុជា បានសង្គ្រោះជីវិតនិងផ្តល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋកម្ពុជា បានបង្រួបបង្រួមជាតិ សង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីជម្ងឺរាតត្បាតកូវីដ-១៩ កសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចំរើន។ដូច្នេះត្រូវយកគុណបំណាច់ទាំងនេះទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងឱ្យបានច្បាស់លាស់ ដើម្បីឱ្យពួកគាត់គោរពស្រលាញ់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត។
ជាមួយគ្នានោះ ឯកឧត្ដមឃួង ស្រេង បានណែនាំឱ្យចៅសង្កាត់ មេភូមិ តាមដានឱ្យបានម៉ត់ចត់បំផុតនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឈានទៅបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)ឱ្យអស់ពីក្នុងរាជធានីភ្នំពេញទៅតាមការប្តេជ្ញាចិត្តរបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី។
ក្នុងឱកាសនោះដែរ សង្កាត់ វាលស្បូវ, សង្កាត់ព្រែកឯង,សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកថ្មី ព្រមទាំងមេភូមិ បានលើកឡើងពីសមិទ្ធផលការងារបស់គណបក្សក្នុងមូលដ្ឋានសម្រេចបាន ជាមួយ និងការលើកឡើងពីផែនការសកម្មភាព ដែលបាននិងកំពុងអនុវត្ត ដូចជា ការខិតខំកសាងសមាជិកបក្ស ពិសេសគឺការប្តេជ្ញាចិត្ត ក្នុងការកែប្រែសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹកជូនគណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៧-២០២៨ខាងមុខនេះ។ បន្ថែមពីនេះ ចៅសង្កាត់ និងមេភូមិក៏បានស្នើសុំ ការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងមូលដ្ឋានផងដែរ៕ រក្សាសិទ្ធិដោយ ៖សុទ្ធលី













