ភ្នំពេញ៖ ក្នុងរយៈពេលជាង៣ឆ្នាំ កន្លងមកនេះ កម្លាំងសមត្ថកិច្ចកម្ពុជាបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស បានជាង ៣ម៉ឺនករណី និង ឃាត់ខ្លួនជនសង្ស័យ បានជិត ៩ម៉ឺននាក់ ព្រមទាំង រឹបអូសសារធាតុញៀនគ្រប់ប្រភេទ បានជាង ២៦តោន។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតចាប់ពីឆ្នាំ២០២៣ រហូតដល់ឆមាសទី១ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចជំនាញបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុប ៣៤,១៤៩ករណី និង ឃាត់ខ្លួនជនសង្ស័យចំនួន ៨៧,៣៧២នាក់។
នៅ ក្នុងប្រតិបត្តិការទាំងនេះ សមត្ថកិច្ចបានដកហូត និងរឹបអូសសារធាតុញៀនគ្រប់ប្រភេទសរុបជាង ២៦តោន។
ក្រសួងមហាផ្ទៃបានចាត់ទុកលទ្ធផលនេះថា: ជាកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលជាតិចាប់ពីថ្នាក់ក្រសួង រហូតដល់ថ្នាក់មូលដ្ឋាន ក្នុងការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀន។
របាយការណ៍បានបញ្ជាក់ថា ការបង្ក្រាបបទល្មើសគ្រឿងញៀនមិនមែនជាការងារងាយស្រួលនោះទេ ដោយសមត្ថកិច្ចត្រូវប្រឈមមុខនឹងជនល្មើសដែលមានសភាពកាចសាហាវ និងខ្លះមានអាវុធ ដែលអាចបង្កគ្រោះថ្នាក់ដល់កម្លាំងអនុវត្តច្បាប់គ្រប់ពេល។
ជាមួយគ្នានេះ កម្មវិធីទូរសព្ទដៃ «NoDrug» ត្រូវបានដាក់ឱ្យប្រើប្រាស់ ដើម្បីជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរាយការណ៍ និងផ្តល់តម្រុយអំពីបទល្មើសគ្រឿងញៀន។
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ប្រជាពលរដ្ឋចំនួន ៩៨,៥៤០នាក់ បានទាញយកកម្មវិធី NoDrug ហើយបានរាយការណ៍ និងផ្តល់តម្រុយព័ត៌មានចំនួន ៨,៦៩៨ករណី ដល់សមត្ថកិច្ច ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅកម្ពុជារក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






