ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងដែនដីព្រមានចាត់ការតាមច្បាប់ ចំពោះការបំភាន់ព័ត៌មាន រឿងគម្រោងបុរី ឡេង ណាវ៉ាត្រា គម្រោង 6A!!

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលផ្សព្វផ្សាយព័ត៌មានបំភាន់ ឬ បំភ្លៃការពិតពាក់ព័ន្ធនឹងការដោះស្រាយវិបត្តិគម្រោងបុរី ឡេង ណាវ៉ាត្រា ដោយអះអាងថា ការផ្សព្វផ្សាយបែបនេះអាចបង្កការភ័ន្តច្រឡំក្នុងសង្គម និងប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង។

ក្រសួងបានបញ្ជាក់ថា គម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា និងគម្រោងជ្រៃមួយរយ របស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល បានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំ ដោយក្រុមហ៊ុនមិនអាចអនុវត្តតាមកិច្ចសន្យាលក់ទិញជាមួយអតិថិជន និងម្ចាស់ដីបាន។

ស្ថានភាពនេះបាននាំឱ្យមានការតវ៉ា និងបណ្តឹងជាបន្តបន្ទាប់ពីអតិថិជន និងភាគីពាក់ព័ន្ធ។

ដើម្បីដោះស្រាយបញ្ហា ក្រសួងបានដឹកនាំកិច្ចប្រជុំ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធជាច្រើនលើក ដោយផ្តល់ឱកាសឱ្យក្រុមហ៊ុនបន្តដោះស្រាយបញ្ហាជូនអតិថិជន។

ទោះជាយ៉ាងណា ក្រសួងបានអះអាងថា ក្រុមហ៊ុននៅតែមិនអាចផ្តល់ដំណោះស្រាយសមស្រប និងទាន់ពេលវេលាបាន។

តាមស្មារតីកិច្ចប្រជុំ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា (ឡេង ភត្រា) បានប្រគល់សិទ្ធិជូនក្រសួងដឹកនាំការសម្របសម្រួលសាងសង់ផ្ទះ និង ចាក់បំពេញដីជូនអតិថិជនក្នុងគម្រោងទាំងពីរ។

លោកក៏បានឯកភាពឱ្យលក់ឡៃឡុងអចលនទ្រព្យរបស់ក្រុមហ៊ុន និងអចលនទ្រព្យរបស់លោក ដើម្បីប្រមូលថវិកាមកគាំទ្រដល់ការដោះស្រាយគម្រោង។

ជាមួយគ្នានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា ក្រុមហ៊ុនមិនមានលទ្ធភាពសាងសង់បញ្ចប់គម្រោងជូនអតិថិជនដោយខ្លួនឯងបានឡើយ ដែលធ្វើឱ្យយន្តការដោះស្រាយក្រោមការសម្របសម្រួលរបស់ក្រសួងកាន់តែមានសារៈសំខាន់។

គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងបានអះអាងថា បានដឹកនាំ និងសម្របសម្រួលសាងសង់ ព្រមទាំងប្រគល់ផ្ទះជូនអតិថិជនបានចំនួន ៥៩៨ផ្ទះ។

ចំពោះអតិថិជនដែលបានបង់ប្រាក់គ្រប់ ១០០% ក្រសួងបានសម្របសម្រួលចុះបញ្ជី និង ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ៥,៩៧០បណ្ណ។

ដោយឡែក ការចាក់បំពេញដីបន្ថែមនៅគម្រោងជ្រៃមួយរយ ក្រសួងអះអាងថា សម្រេចបានប្រមាណ ៦០% ហើយ។

ក្រសួងបានបញ្ជាក់ថា ការការពារ និងតម្កល់ផលប្រយោជន៍របស់អតិថិជន គឺជាអាទិភាព។ ដើម្បីធានាដល់ការដោះស្រាយគម្រោងជាប់គាំង និងការផ្ទេរកម្មសិទ្ធិជូនអតិថិជន ក្រសួងបានផ្អាកចរន្តការលើអចលនទ្រព្យរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក ឈ្មោះ ឡេង ភត្រា និងភាគីពាក់ព័ន្ធ។

ទន្ទឹមនឹងនេះ ក្រសួង និងក្រុមហ៊ុនបានកំពុងតែបន្តស្វែងរកដៃគូសមស្រប ដើម្បីលក់ឡៃឡុងអចលនទ្រព្យរបស់ក្រុមហ៊ុន និងរបស់ឈ្មោះ ឡេង ភត្រា សម្រាប់យកថវិកាមកទ្រទ្រង់ដំណើរការដោះស្រាយគម្រោង។

ក្រសួងបញ្ជាក់ថា រាល់ការទិញលក់អចលនទ្រព្យ ត្រូវធ្វើឡើងក្រោមការពិគ្រោះយោបល់ និងមានការឯកភាពពីភាគីពាក់ព័ន្ធលើតម្លៃដែលអាចលក់បាន។

ពាក់ព័ន្ធនឹងការលើកឡើងតាមបណ្តាញសង្គម Facebook របស់គណនី “Leng Navatra ឡេង ណាវ៉ាត្រា”, “Ton ChanSeyma តន់ ចន្ទសីម៉ា” និង “Leng Nimol ឡេង និមល” ក្រសួងបានចាត់ទុកការផ្សព្វផ្សាយទាំងនេះថា: មានលក្ខណៈបំភាន់ព័ត៌មាន និងបំភ្លៃការពិត ដែលអាចបង្កការភ័ន្តច្រឡំដល់សាធារណជន ព្រមទាំងប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង។

ក្រសួងបានព្រមានថា: រាល់សកម្មភាពដែលមានលក្ខណៈបំពានច្បាប់ អាចប្រឈមនឹងវិធានការតាមផ្លូវច្បាប់ ស្របតាមមាត្រា ៣០៥, ៤៩៤, ៤៩៥, ៥០២ និង៥០៥ នៃក្រមព្រហ្មទណ្ឌ ដែលពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ជាសាធារណៈ ការញុះញង់ បទប្រមាថ និងការញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ។

ក្រសួងអំពាវនាវដល់អតិថិជន និងភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមដោះស្រាយបញ្ហាតាមយន្តការសម្របសម្រួលរបស់ក្រសួង ដោយស្មារតីយោគយល់ អធ្យាស្រ័យ និងទទួលខុសត្រូវខ្ពស់ ដើម្បីការពារផលប្រយោជន៍របស់អតិថិជនជាង ៣៨,០០០គ្រួសារ នៅទូទាំងប្រទេស។

ក្រសួងក៏បានស្នើឱ្យក្រុមហ៊ុន និងភាគីពាក់ព័ន្ធ ជាពិសេសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាតាមយន្តការដែលបានព្រមព្រៀងគ្នា ខណៈក្រសួងនឹងបន្តដឹកនាំ និងសម្របសម្រួល ដើម្បីជំរុញការដោះស្រាយវិបត្តិនៃគម្រោងជាប់គាំងទាំងនេះឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>