ខេត្តបាត់ដំបង៖ មន្ត្រីនគរបាល ចំនួន ៣រូប រួមទាំងអធិការនគរបាលនគរបាលស្រុកឯកភ្នំផង ត្រូវបានកោះហៅឲ្យចូលបំភ្លឺនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជុំវិញការចោទប្រកាន់ថា ពួកគេ បានយកប្រាក់ចំនួន ១,០០០ដុល្លារ ពីសំណងដែលម្តាយកុមារីអាយុ ១២ឆ្នាំ ទទួលបានក្នុងសំណុំរឿងរំលោភផ្លូវភេទ ខណៈការស៊ើបអង្កេតផ្ទៃក្នុងកំពុងបន្តស្វែងរកការពិត។
ប្រភពពីមន្ត្រីមានសមត្ថកិច្ចបានឲ្យដឹងថា មន្ត្រីទាំង ៣រូប រួមមាន ឈ្មោះ លោក លី ឡេង នាយផ្នែកព្រហ្មទណ្ឌ លោក មាស ណារ៉ុង អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និង លោក ឆាយ ម៉ាប់ អធិការនគរបាលស្រុកឯកភ្នំ។
នគរបាលមានសមត្ថកិច្ច បាននិយាយថា: លោក លី ឡេង និង លោក មាស ណារ៉ុង បានចូលបំភ្លឺរួចហើយ ខណៈលោក ឆាយ ម៉ាប់ ត្រូវចូលបំភ្លឺនៅរសៀលថ្ងៃទី១០ ខែកញ្ញា នេះ។
ការសាកសួរនេះ គឺ ផ្តោតលើប្រភពប្រាក់ ១,០០០ដុល្លារ ថាតើអ្នកណាជាអ្នកទទួល អ្នកណាពាក់ព័ន្ធ និងប្រាក់នោះត្រូវបានចាត់ចែងយ៉ាងដូចម្តេច?
យ៉ាងណា លទ្ធផលនៃការសាកសួរមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ។
លោក ឡុង យោធាវរៈ នាយការិយាល័យនគរបាលបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏មិនអាចទាក់ទងសុំការបញ្ជាក់បាននៅ
ថ្ងៃទី១០ ខែកញ្ញា នេះ។
សំណុំរឿងនេះ បានផ្ទុះឡើង បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គមថា: លោក ជក់ ហុង អាយុ ៦០ឆ្នាំ នាយកសាលាបឋមសិក្សាវត្តកែវ ត្រូវបានចោទប្រកាន់ថា បានរំលោភផ្លូវភេទលើកុមារីអាយុ ១២ឆ្នាំ នៅក្នុងបន្ទប់ស្នាក់នៅរបស់សាលា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។
តាមការអះអាងរបស់ម្តាយកុមារី បន្ទាប់ពីដាក់ពាក្យបណ្តឹង ភាគីជនសង្ស័យបានព្យាយាមចរចាសម្របសម្រួល និង ស្នើសំណងចំនួន ៥,០០០ដុល្លារ ព្រមទាំងម៉ូតូមួយគ្រឿង។
ប៉ុន្តែចុងក្រោយ ម្តាយកុមារីអះអាងថា: ខ្លួនទទួលបានត្រឹម ៣,៥០០ដុល្លារ ខណៈប្រាក់ ១,០០០ដុល្លារត្រូវបានចោទថា ត្រូវមន្ត្រីនគរបាលយកទុក។
កាលពី ថ្ងៃទី៩ ខែកញ្ញា សមត្ថកិច្ចបានឃាត់នាំខ្លួន ជនសង្ស័យ និង នាំខ្លួន មកកាន់ស្នងការដ្ឋានខេត្តបាត់ដំបង បន្ទាប់ពីសំណុំរឿងនេះបានផ្ទុះឡើងជាសាធារណៈ៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






