ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានសម្រេចបញ្ជូនបណ្តឹងរបស់លោក ស្លេះ ហ្វឺត និងលោក ណុះ សូឡោះ ដែលបានលើកឡើងពីការចោទប្រកាន់ពាក់ព័ន្ធនឹងការអនុវត្តខុសនីតិវិធីរបស់មន្ត្រីតុលាការនៅសាលាដំបូងខេត្តស្ទឹងត្រែង ទៅកាន់ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យ ស្រាវជ្រាវ និងចាត់ការតាមសមត្ថកិច្ច។
លោកឯមច័ន្ទមករា រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ថា សាមីខ្លួនបានដាក់ពាក្យបណ្តឹងដោយផ្ទាល់ទៅកាន់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពាក់ព័ន្ធនឹងការចោទប្រកាន់ថា មានការអនុវត្តមិនត្រឹមត្រូវតាមនីតិវិធីក្នុងដំណើរការរឿងក្តីរបស់ពួកគេនៅសាលាដំបូងខេត្តស្ទឹងត្រែង។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាននិយាយថា: ក្រោយពិនិត្យលើបណ្តឹង របស់ជនរងគ្រោះ, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចបញ្ជូនករណីនេះតាមនីតិវិធីជាធរមានទៅកាន់ ក្រុមប្រឹក្សាវិន័យ នៃ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវឱ្យបានល្អិតល្អន់។
ក្រសួងយុត្តិធម៌បានបញ្ជាក់ថា ប្រសិនបើការស្រាវជ្រាវរកឃើញថា: មន្ត្រីពាក់ព័ន្ធមានកំហុស ឬបានប្រព្រឹត្តផ្ទុយពីច្បាប់ និងនីតិវិធី នោះនឹងត្រូវចាត់ការតាមច្បាប់ និង ត្រូវតាមយន្តការវិន័យរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ទន្ទឹមនឹងនេះ ក្រសួងយុត្តិធម៌ក៏បានចាត់តាំងក្រុមការងារឱ្យចុះស្រាវជ្រាវបន្ថែមដោយផ្ទាល់លើករណីនេះ ដើម្បីពិនិត្យឱ្យបានច្បាស់លាស់អំពីដំណើរការ និងការអនុវត្តនីតិវិធីដែលពាក់ព័ន្ធ។
លទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមការងារក្រសួងយុត្តិធម៌ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីធ្វើជាមូលដ្ឋានបន្ថែមសម្រាប់ការធ្វើអធិការកិច្ច និងការពិនិត្យចាត់ការតាមសមត្ថកិច្ច។
ការសម្រេចនេះ បានបង្ហាញថា បណ្តឹងពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីរបស់មន្ត្រីតុលាការនៅសាលាដំបូងខេត្តស្ទឹងត្រែង នឹងត្រូវឆ្លងកាត់យន្តការពិនិត្យ និងវិន័យរបស់ស្ថាប័នមានសមត្ថកិច្ច ដោយផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ និង ភស្តុតាងពាក់ព័ន្ធ មុននឹងមានការសម្រេចចាត់ការជាផ្លូវការណាមួយ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





