ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ ដឹកនាំដោយលោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក បានរៀបចំពិធីបដិសណ្ឋារកិច្ចមួយនៅខេត្តសៀមរាប ដែលមានការចូលរួមពីសំណាក់ អ្នកជំនាញសុខាភិបាល ថ្នាក់ដឹកនាំខេត្ត អ្នកអនុវត្តការងារបោសសំអាតមីន និងដៃគូអាមេរិកផ្សេងទៀត ដើម្បីផ្លាស់ប្តូរយោបល់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើសន្តិសុខសុខភាព និងការបោសសំអាតមីន រួមទាំងការគាំទ្រផ្នែកមនុស្សធម៌សម្រាប់អ្នកដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន។
ផ្អែកលើកិច្ចខិតខំប្រឹងប្រែងទាំងនេះ សហរដ្ឋអាមេរិកមានមោទនភាពក្នុងការប្រកាសដៃគូសហការរយៈពេល ៣ ឆ្នាំ ក្នុងទំហំទឹកប្រាក់ ៣ លានដុល្លារថ្មីមួយ ជាមួយអង្គការបោសសំអាតមីន ជាមួយអង្គការមិនរកប្រាក់ចំណេញ APOPO។ គំនិតផ្តួចផ្តើមនេះ នឹងផ្តោតលើគ្រាប់មីន ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ព្រមទាំងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងខេត្តមណ្ឌលគីរី ដើម្បីរំដោះមកវិញនូវដីប្រកបដោយសុវត្ថិភាព ដីស្រែចម្ការដែលមានផលិតភាព និងសន្តិសុខដល់គ្រួសារកម្ពុជានៅពេលអនាគត។
សហរដ្ឋអាមេរិកមានមោទនភាពក្នុងការគាំទ្រកម្មវិធី ដែលផ្តល់លទ្ធផលជាក់ស្តែងសម្រាប់ទាំងកម្ពុជា និងសហរដ្ឋអាមេរិក។ ការងារនេះជួយកាត់បន្ថយការគំរាមកំហែងផ្នែកសុខភាព និងសន្តិសុខ ព្រមទាំងបង្កើនឱកាសអាជីវកម្ម និងការវិនិយោគរបស់អាមេរិកនៅកម្ពុជា៕ Sរក្សាសិទ្ធិដោយ ៖សុទ្ធលី








