ភ្នំពេញ៖ យុវតី ជាប់ចោទចំនួន
២នាក់ដែលត្រូវបានចោទប្រកាន់ថា: បានរួមគ្នាចាក់សម្លាប់ជីដូនបង្កើតរបស់ខ្លួន ដោយសារខឹងនឹងជនរងគ្រោះ បានហាមឃាត់មិនឱ្យពួកគេ មានទំនាក់ទំនងស្នេហាក្នុងវ័យសិក្សា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗរយៈពេល ២០ឆ្នាំ។
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយសម្រេចផ្តន្ទាទោសយុវតីជាប់ចោទពីរនាក់ គឺឈ្មោះ សេង ច័ន្ទបូណ៍មី អាយុ១៩ឆ្នាំ និង សេង ហេងសានីកា អាយុ១៨ឆ្នាំ (២នាក់ បងប្អូន)
ពាក់ព័ន្ធនឹងបទ ឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ។
សំណុំរឿងនេះ បានផ្តើមចេញពីអំពើហិង្សាដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលជនរងគ្រោះគឺជាជីដូនបង្កើតរបស់ជនជាប់ចោទផ្ទាល់។
ជនរងគ្រោះឈ្មោះ ទី គង់ អាយុ៦៤ឆ្នាំ មុខរបរលក់ដូរ ត្រូវបានចាក់ដោយកាំបិត បណ្តាលឱ្យស្លាប់។
តាមការស៊ើបអង្កេតរបស់សមត្ថកិច្ច មូលហេតុដែលឈានទៅដល់អំពើឃាតកម្មនេះ ត្រូវបានបញ្ជាក់ថា ពាក់ព័ន្ធនឹងជម្លោះក្នុងគ្រួសារ ខណៈយុវតីទាំងពីរខឹងនឹងជីដូនដែលតែងស្តីបន្ទោស និងហាមឃាត់ពួកគេមិនឱ្យមានទំនាក់ទំនងស្នេហា ខណៈកំពុងសិក្សា។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅផ្ទះជនរងគ្រោះ ស្ថិតតាមបណ្តោយផ្លូវលេខ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនយុវតីទាំងពីរនាក់នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ដើម្បីសាកសួរពាក់ព័ន្ធនឹងការស្លាប់របស់ជីដូន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានសារភាពប្រហាក់ប្រហែលគ្នាថា នៅវេលាម៉ោងប្រមាណ ១០និង២០នាទីយប់ ថ្ងៃទី៥ ខែមេសា ពួកគេបានប្រើកាំបិតចុងស្រួចចាក់ទៅលើជីដូនពីក្រោយខ្នងចំនួនមួយកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ និងស្លាប់។
ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា ពួកគេមានគំនុំជាមួយជីដូនអស់រយៈពេលមួយរយៈ ដោយសារខឹងនឹងការស្តីបន្ទោស និងការហាមឃាត់របស់ជីដូន ពាក់ព័ន្ធនឹងការមិនឱ្យមានទំនាក់ទំនងស្នេហា ខណៈពួកគេនៅក្នុងវ័យសិក្សា។
បច្ចុប្បន្ននេះ ជនជាប់ចោទទាំងពីរ កំពុងតែ បន្តឃុំខ្លួនបណ្ដោះអាសន្ន ដើម្បី អនុវត្តទោស នៅពន្ធនាគារព្រៃស (ម២)៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





