(កណ្ដាល)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានបញ្ជូនមន្ត្រីជំនាញចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអន្តរាគមន៍ និងស្វែងរកដំណោះស្រាយជាបន្ទាន់ជូនកម្មករនិយោជិតនៃរោងចក្រ សេលលី ហ្វេសិន ហ្គាម៉ិន ហ្វេកធើរី ឯ.ក បន្ទាប់ពីម្ចាស់ក្រុមហ៊ុនមិនបានទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេថៗជូនបងប្អូនកម្មករ។ រោងចក្រខាងលើមានទីតាំងនៅសួនឧស្សាហកម្ម (ស៊ូចូវ ខេមបូឌា) តាមបណ្ដោយផ្លូវជាតិលេខ២១ ភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រសួងបានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីរកដំណោះស្រាយជូនបងប្អូនកម្មករនិយោជិត។ ក្នុងករណីនិយោជកចាកចេញគេចវេសដោយមិនបានបំពេញកាតព្វកិច្ចទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ដូចនេះ ក្រសួងនឹងចាត់វិធានការតាមច្បាប់ ដើម្បីការពារសិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករ។
លោកថា៖ “ក្រសួងយល់ពីកង្វល់របស់កម្មករ ពិសេសក្នុងស្ថានភាពដែលពួកគេមិនទទួលបានប្រាក់ឈ្នួលទាន់ពេល ប៉ុន្តែការដោះស្រាយត្រូវធ្វើតាមនីតិវិធីច្បាប់ ហើយក្នុងករណីបែបនេះ ក្រសួងនឹងប្តឹងក្រុមហ៊ុនទៅកាន់តុលាការដើម្បីស្នើសុំដីកាចាត់ចែងរក្សាការពារទ្រព្យសម្បត្តិ និងដោះស្រាយលើបណ្តឹងអង្គសេចក្តីដើម្បីអាចមានលទ្ធភាពទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករនិយោជិតទាំងអស់”។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់កម្មករនិយោជិតរក្សាភាពស្ងប់ស្ងាត់ និងផ្តល់ពេលវេលាដល់មន្ត្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការស្វែងរកដំណោះស្រាយ ហើយជៀសវាងសកម្មភាពដែលអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈដែលផ្ទុយនឹងច្បាប់៕ រក្សាសិទ្ធិដោយ ៖សុទ្ធលី











