ភ្នំពេញ៖ កងពលធំអន្តរាគមន៍លេខ២ នៃកងទ័ពជើងគោក នឹងរៀបចំការបាញ់គ្រាប់ពិត ដើម្បីត្រួតពិនិត្យគុណភាពអាវុធ នៅភូមិសាស្ត្រភ្នំខ្យង ស្ថិតក្នុងភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
ការបាញ់គ្រាប់ពិតនេះ ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃគុណភាពអាវុធរបស់អង្គភាពយោធា ដោយទីតាំងខាងលើនឹងក្លាយជាតំបន់ដែលត្រូវគ្រប់គ្រង និងរឹតបន្តឹងសុវត្ថិភាពក្នុងអំឡុងពេលធ្វើសកម្មភាព។
កងពលធំអន្តរាគមន៍លេខ២ បានស្នើឱ្យអភិបាលស្រុកស្វាយលើ ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និង បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ដើម្បីចូលរួមសហការអនុវត្តវិធានការសុវត្ថិភាព។
ជាពិសេស ប្រជាពលរដ្ឋត្រូវ ផ្អាកការចូលទៅកាន់ទីតាំងបាញ់គ្រាប់ពិតខាងលើជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ដើម្បីជៀសវាងហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតឡើងដោយយថាហេតុ។
អាជ្ញាធរ និងកងទ័ពបានអំពាវនាវឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ និងអ្នកធ្វើដំណើរដែលមានគម្រោងចូលទៅកាន់តំបន់ភ្នំខ្យង បង្កើនការប្រុងប្រយ័ត្ន និងគោរពតាមការណែនាំសុវត្ថិភាពរបស់អាជ្ញាធរ ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពរបស់ខ្លួនក្នុងអំឡុងពេលបាញ់គ្រាប់ពិត៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






