ស៊ិនជិន៖ នារសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានឡើងថ្លែងសុន្ទរកថាគន្លឹះក្នុង វេទិកាវិនិយោគ កម្ពុជា-ចិន ក្រោមមូលបទ «ការទាញយកផលប្រយោជន៍ពីសមត្ថភាពផលិតកម្ម កម្ពុជា-ចិន ដើម្បីទ្រទ្រង់ភាពប្រទាក់ក្រឡានៃឧស្សាហកម្ម និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់» ដោយបានប្រព្រឹត្តទៅក្នុងទីក្រុងស៊ិនជិន ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។ កម្មវិធីនេះគឺជារបៀបវារៈមួយនៃបេសកកម្មគោះទ្វារ ទាក់ទាញនិងជំរុញវិនិយោគនៅលើទឹកដីនៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។
អង្គវេទិកាបានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក ដោយចាប់ផ្តើជាមួយការឡើងថ្លែងមតិអបអរសាទរពីសំណាក់ ឯកឧត្តម ទី នីតូរ្យ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបន្តដោយការឡើងថ្លែងសុន្ទរកថាគន្លឹះពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី។
ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីបច្ច័យវិជ្ជមាននានាដែលធ្វើឱ្យកម្ពុជា ជាគោលដៅវិនិយោគមួយប្រកបដោយសក្តានុពល ក្នុងនោះរួមមានជាអាទិ៍៖
១. សុខសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច ដែលជាគ្រឹះដ៏រឹងមាំក្នុងការផ្តល់ទំនុកចិត្ត ធានាសុវត្ថិភាពខ្ពស់ និងបង្កលក្ខណៈអំណោយផលដល់ទុនវិនិយោគពីបរទេស ក្នុងរយៈពេលវែង។
២. កម្លាំងពលកម្មវ័យក្មេង ដោយមានសន្ទស្សន៍ប្រមាណជាង ៦០% នៃប្រជាជនសរុប មានភាពរហ័សរហួន ងាយស្រួលក្នុងការទទួលយកចំណេះដឹងថ្មីៗ តាមរយៈការបណ្តុះបណ្តាលជំនាញនានា ដើម្បីត្រៀមលក្ខណៈឆ្លើយតបទៅនឹងតម្រូវការនៃឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។
៣. បរិស្ថានធុរកិច្ច និងវិនិយោគអំណោយផល ជាមួយច្បាប់ស្តីពីការវិនិយោគដែលផ្តល់ជូននូវការលើកទឹកចិត្តច្រើនប្រភេទ និងមានភាពបត់បែន ព្រមទាំងសាមញ្ញកម្មនីតិវិធីរដ្ឋបាលពាក់ព័ន្ធ តាមរយៈការចាប់យកឌីជីថលូបនីយកម្ម ដើម្បីសម្រួលដល់ការធ្វើធុរកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។
៤. ភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធភស្តុភារកម្មជាតិ ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រធំៗ ដូចជា អាកាសយានដ្ឋានអន្តរជាតិថ្មីៗ ផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ និងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ជាដើម។
៥. ការទាញយកផលប្រយោជន៍ជាអតិបរិមាពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត បានប្រែក្លាយកម្ពុជា ទៅជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់ ដែលអនុញ្ញាតឱ្យផលិតផលផលិតនៅកម្ពុជាអាចនាំចេញទៅកាន់ទីផ្សារតំបន់ និងសកលលោក ដោយទទួលបានការអនុគ្រោះពន្ធ។
៦. ការប្តេជ្ញាចិត្តបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្កើតបរិយាកាសសេដ្ឋកិច្ចឌីជីថលប្រកបដោយសុវត្ថិភាព និងធានាការពារផលប្រយោជន៍ ព្រមទាំងទំនុកចិត្តរបស់វិនិយោគិន និងធុរជនអន្តរជាតិទាំងអស់ដែលមកបណ្តាក់ទុននៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជនជាដៃគូមិនអាចខ្វះបាន ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានបង្កើតយន្តការសន្ទនាផ្ទាល់ជាមួយវិស័យឯកជនត្រង់ទៅត្រង់មក ដោយតម្លាភាពនិងជាទៀងទាត់ រួមមាន វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (P-PSD) រៀងរាល់៦ខែម្តង, ជំនួបទទួលទានអាហារពេលព្រឹកធុរកិច្ច រវាងរដ្ឋនិងវិស័យឯកជន (P-PSBB) រៀងរាល់២ខែម្តង និងគំនិតផ្តួចផ្តើមថ្មីចុងក្រោយបំផុតគឺ កម្មវិធី Open Day with DPM។ យន្តការទាំងនេះ គឺជាស្ពានឆ្លើយតប និងដោះស្រាយរាល់បញ្ហាប្រឈម សំណូមពរ និងកង្វល់របស់វិនិយោគិនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវបរិយាកាសធ្វើធុរកិច្ចប្រកបដោយការទុកចិត្ត និងភាពស្និទ្ធស្នាលបំផុត។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធំៗ និងវិនិយោគិនក្នុងទីក្រុងស៊ិនជិន ក៏ដូចជាខេត្តក្វាងទុង ពិចារណាលើការពង្រីកមូលដ្ឋានផលិតកម្មពាក់ព័ន្ធនឹង ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ គ្រឿងបង្គុំយានយន្តអគ្គិសនី អេឡិចត្រូនិក និងកសិ-ឧស្សាហកម្មមកកាន់កម្ពុជា ដើម្បីបង្កើនភាពជឿជាក់ និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់រួមគ្នារវាងប្រទេសទាំងពីរ។
បន្ថែមពីនេះ អង្គវេទិកាក៏បានរៀបចំនូវបទបង្ហាញជាការចែករំលែកបទពិសោធន៍វិនិយោគ លើប្រធានបទយុទ្ធសាស្ត្រសំខាន់ៗ ពីសំណាក់ក្រុមហ៊ុន និងស្ថាប័នឈានមុខ ដែលកំពុងមានប្រតិបត្តិការអាជីវកម្មប្រកបដោយភាពជោគជ័យ ក្នុងប្រទេសកម្ពុជា រួមមាន៖
១. «ការធ្វើធុរកិច្ចក្នុងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ អគ្គិសនី និងអេឡិចត្រូនិកនៅកម្ពុជា» ដោយ តំណាងក្រុមហ៊ុន Huawei,
២. «ការវិនិយោគលើឧស្សាហកម្មយានយន្តនៅកម្ពុជា» ដោយតំណាងក្រុមហ៊ុន BYD,
៣. «ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា» ដោយតំណាង អាកាសយានដ្ឋានអន្តរជាតិអង្គរ, និង
៤. «ការលើកកម្ពស់ភាពប្រទាក់ក្រឡានៃប្រព័ន្ធភស្តុភារកម្ម» ដោយលោកស្រីប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធឡូជីស្ទិកសកល (Global Logistics Alliance)។
បន្ទាប់ពីការធ្វើបទបង្ហាញបានបញ្ចប់ អង្គវេទិកាបានរៀបចំឱ្យមានជា វគ្គសំណួរ-ចម្លើយ (Q&A Session) ដែលបានផ្តល់ឱកាសឱ្យអ្នកចូលរួមជជែកពិភាក្សាផ្លាស់ប្តូរយោបល់ និងសាកសួរព័ត៌មានបន្ថែមដោយផ្ទាល់ទៅកាន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រកបដោយបរិយាកាសស្និទ្ធស្នាល ផុសផុល និងទទួលបានលទ្ធផលជាផ្លែផ្កា។ ក្នុងវគ្គពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឆ្លើយតបយ៉ាងក្បោះក្បាយ និងច្បាស់លាស់ នូវរាល់ចម្ងល់ពាក់ព័ន្ធនឹងកាលានុវត្តភាពវិនិយោគ នីតិវិធីច្បាប់ ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ដែលបានជាមូលដ្ឋានក្នុងការលើកកម្ពស់ទំនុកចិត្តបន្ថែម ជូនដល់វិនិយោគិន ធុរជន តំណាងក្រុមហ៊ុន សហគ្រាសចិន ដែលមានវត្តមាននាឱកាសនេះ។
អង្គវេទិកាទាំងមូលបានបញ្ចប់ទៅដោយជោគជ័យ ដែលមិនត្រឹមតែនឹងក្លាយជាស្ពានចម្លងទំនាក់ទំនងធុរកិច្ច រវាងវិស័យឯកជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបោះជំហានយុទ្ធសាស្រ្តមួយទៀតក្នុងការទាក់ទាញលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) មកកាន់កម្ពុជា ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព និងបរិយាបន្ន៕រក្សាសិទ្ធិដោយ ៖សុទ្ធលី


















