នៅថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ អង្គភាព CMAC បានរៀបចំសិក្ខាសាលាមួយឡើងនៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ក្រោមប្រធានបទ “ផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ ក្នុងឆ្នាំ២០២៥ និងដំណើរឆ្ពោះទៅរកការធានាសុវត្ថិភាពដល់តំបន់រងផលប៉ះពាល់”។ សិក្ខាសាលានេះមានការចូលរួមពីអាជ្ញាធរមីន ស្ថាប័នជាតិ និងអន្តរជាតិ អង្គការដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធជាច្រើន រួមមាន កាកបាទក្រហមកម្ពុជា, NPMEC, APOPO, NPA, JMAS, UNDP, ICRC, IMCCD, Golden West, JICS, ICBL, CSHD, MAG, The HALO Trust, GUSP, UNOPS និងអង្គការសហប្រជាជាតិ ព្រមទាំងឯកឧត្តម លោកជំទាវប្រធានគណៈកម្មាធិការសកម្មភាពមីននៃបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ។
សិក្ខាសាលានេះមានគោលបំណងបង្ហាញជូនដៃគូជាតិ និងអន្តរជាតិ អំពីស្ថានភាពជាក់ស្តែង និងផលប៉ះពាល់មនុស្សធម៌ដែលកើតចេញពីការវាយប្រហារ និងការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា ក្នុងឆ្នាំ២០២៥ ជាពិសេសការប្រើប្រាស់អាវុធធុនធ្ងន់ និងគ្រាប់បែកចង្កោម។ តាមរយៈភស្តុតាង និងលទ្ធផលនៃការស្រាវជ្រាវបច្ចេកទេសនៅតំបន់រងផលប៉ះពាល់ ត្រូវបានរកឃើញសំណល់គ្រាប់បែកចង្កោមប្រភេទ M42, M46 និង M85 ដែលបានបន្សល់ទុកនូវកូនគ្រាប់មិនទាន់ផ្ទុះ ជាហានិភ័យរយៈពេលវែងដល់អាយុជីវិតប្រជាពលរដ្ឋ និងការប្រើប្រាស់ដីធ្លី។ ការប្រើប្រាស់អាវុធធ្ងន់ និងគ្រាប់បែកចង្កោមនេះ បានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងទីតាំងស៊ីវិលមួយចំនួន ខណៈសំណល់ជាតិផ្ទុះដែលនៅសេសសល់នៅតែបន្តគំរាមកំហែងដល់អាយុជីវិតកសិករ ប្រជាពលរដ្ឋ ជាពិសេសកុមារនៅតំបន់រងផលប៉ះពាល់។
សិក្ខាសាលានេះផ្តោតសំខាន់លើការចែករំលែកព័ត៌មាន និងភស្តុតាង ការវាយតម្លៃហានិភ័យ ការស្រាវជ្រាវ និងកំណត់ទីតាំងតំបន់រងផលប៉ះពាល់ ការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ ការគាំទ្រជនរងគ្រោះ និងការពន្លឿនការបោសសម្អាត។ ជាមួយគ្នានេះ សិក្ខាសាលានេះក៏ត្រូវបានចាត់ទុកជាវេទិកាមួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងកៀរគរការគាំទ្រផ្នែកបច្ចេកទេស ធនធាន និងជំនួយអន្តរជាតិ ដើម្បីឆ្លើយតបនឹងផលវិបាកដែលបន្សល់ទុកពីការឈ្លានពាន និងស្តារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
សរុបមក សិក្ខាសាលានេះបានបញ្ជាក់ជាថ្មីមួយវិញថា ការឈប់ប្រយុទ្ធមិនមានន័យថា គ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមបានបញ្ចប់នោះទេ ព្រោះគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះដែលបន្សល់ទុក នៅតែជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងការអភិវឌ្ឍ។ ហេតុនេះ កិច្ចសហការរវាងអង្គភាព CMAC ស្ថាប័នជាតិ ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករអន្តរជាតិ ដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនការបោសសម្អាត ដើម្បីធានាឱ្យតំបន់រងផលប៉ះពាល់មានសុវត្ថិភាព និងអាចប្រើប្រាស់បានឡើងវិញ៕រក្សាសិទ្ធិដោយ ៖សុទ្ធលី













