ខេត្តកំពង់ចាម: ដោយមើលឃើញពីការលំបាករបស់ពលរដ្ឋនៅឃុំឬស្សីស្រុកស្រុកស្រីសន្ធរ ត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តព្រមទាំងសហការីបានចុះពិនិត្យផ្ទាល់នៅព្រឹកថ្ងៃទី១៣កញ្ញា ឆ្នាំ២០២៦ មានលំនៅដ្ឋានជាច្រើនខ្នងត្រូវបានរុះរើទៅកន្លែងសុវត្ថិភាព។ហើយអាជ្ញាធរខេត្តក៏បានសន្យាជាមួយបងប្អូនប្រជាពលរដ្ឋក្រោយទឹកទន្លេស្រកទៅវិញនឹងធ្វើការជួសជុលច្រាំងទន្លេ ដើម្បីកុំឲ្យយារយីទៅដល់លំនៅឋានផ្សេងទៀត ហើយការបាក់ច្រាំងនេះដោយសារតែចរន្តទឹកហូរពីកោះកណ្ដាលទន្លេបុកមុខចំទីតាំងនេះតែម្ដង។
អ៊ំស្រីឈ្មោះសេង ស្រីមុំ អាយុ៦៥ ឆ្នាំរស់នៅភូមិឬស្សីស្រុក បានប្រាប់ឲ្យដឹងថា: គាត់បានចាប់កំណើតពីផ្ទៃម្ដាយពេលធំដឹងក្តីនៅកុមារភាពគឺរស់នៅភូមិនេះ ដោយមានលំនៅឋានតូចធំរបស់បងប្អូនពលរដ្ឋរាប់សិបខ្នងនៅតាមជួរដងទន្លេមេគង្គ។ បើនិយាយពីច្រាំងនៅមុខផ្ទះវិញគឺមានចម្ងាយប្រហែល ៥០០ទៅ៦០០ម៉ែត្រ ទើបដល់មាត់ទឹកតែគ្រោះធម្មជាតិបានបាក់ក្នុងរដូវវស្សាបន្តិចម្ដងៗជាច្រើនឆ្នាំមកហើយគឺមកកៀកនិងផ្ទះរបស់គាត់មានការព្រួយបារម្ភជាខ្លាំង។។
អ៊ំស្រីមុំបានរៀបរាប់បន្តឲ្យដឹងទៀតថា
ពេលដែលច្រាំងទន្លេបានបាក់មកកាន់តែកៀកផ្ទះគ្រានោះធ្វើឱ្យគាត់មានអារម្មណ៍ភិតភ័យដេកមិនលក់បាយមិនឆ្ងាញ់ ព្រោះតែព្រួយខ្លាចផ្ទះឈើពីរខ្នងស្រុតចូលទៅក្នុងទន្លេ។ ជាមួយនឹងគ្រោះធម្មជាតិនេះត្រូវបានអាជ្ញាធរមូលដ្ឋានចុះមកពិនិត្យនិងបានជួយអន្តរាគមន៍រុះរើផ្ទះរបស់គាត់ដោយចំណាយពេលមួយសប្តាហ៍គិតរហូតមកដល់ព្រឹកថ្ងៃទី១៣កញ្ញា ឆ្នាំ២០២៦ គឺបានរុះអស់សល់តែកាំជណ្ដើរថ្មនៅមុខផ្ទះប៉ុណ្ណោះ។ ចំពោះគ្រឿងផ្ទះត្រូវបានបងប្អូនអ្នកភូមិកម្លាំងអាជ្ញាធរបាននាំគ្នាជួយសែងយកទៅដាក់នៅកន្ទុយដីផ្នែកខាងក្រោយមានចម្ងាយពីផ្ទះចាស់ប្រហែលជិត១០០ម៉ែត្រគឺបានធ្វើរោងតូចល្មមនៅបណ្ដោះអាសន្ន ។អ៊ំស្រីពិតជាមានការសោកស្ដាយដោយសារតែគ្រោះធម្មជាតិបានបាក់យកដីភូមិអស់បន្តិចជាង៥០០ម៉ែត្រធ្វើឲ្យលំនៅឋានរបស់អ្នកភូមិត្រូវបានរស់នៅកន្លែងថ្មីនិងខ្លះទៀតបានចាកចេញពីស្រុកកំណើតទៅរស់នៅខេត្តផ្សេងពីមុនមានរាប់រយគ្រួសារតែនៅដល់សព្វថ្ងៃមិនមានច្រើននោះទេ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមមានប្រសាសន៍ក្នុងពេលចុះពិនិត្យច្រើនទន្លេបាក់នៅឃុំឬស្សីស្រុក ដោយបានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្តក៏ដូចជាអង្គភាពពាក់ព័ន្ធនិងមានការឯកភាពពីក្រសួងធនធានទឹកនិងឧតុនិយមបានសម្រេចជួសជុលច្រើនទន្លេឡើងវិញក្រោយពីរដូវទឹកសម្រក់នៅក្នុងឆ្នាំ២០២៧ ខាងមុខគឺបានជួសជុលច្រាំងដែលមានទីតាំងក្នុងនោះរួមមាន
នៅឃុំព្រះអណ្ដូងស្រុកស្ទឹងត្រង់ ស្រុកកងមាស និងទីតាំងនៅភូមិឬស្សីស្រុកឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ បានឯកភាពជួសជុលដោយរៀបចំបាវខ្សាច់យក្សទុបច្រាំងប្រវែង៦០០ម៉ែត្រ ដើម្បីទប់កុំឲ្យបាក់ដីបន្តទៀតយាយីដល់ផ្ទះពលរដ្ឋផ្សេងរួមទាំងសាលារៀន។រក្សាសិទ្ធិដោយ៖ភ្នំប្រុសភ្នំស្រី

















