ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សជ័យលាភីនិទ្ទេស A ចំនួន ២៦នាក់ ក្នុងក្រុងកំពង់ចាម ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម នាចុងសប្តាហ៍កន្លងទៅ។ ពួកគាត់គឺជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឱ្យដឹងថា ឆ្នាំ២០២៦នេះ ខេត្តកំពង់ចាមមានបេក្ខជនប្រឡងជាប់សរុប ៧,៤២៧នាក់ ស្មើនឹង ៨៥.៤២ភាគរយ នៃបេក្ខជនមកប្រឡងសរុប ៨,៥១៧នាក់។ ក្នុងនោះ សិស្សទទួលបាននិទ្ទេស A មានចំនួន ១០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងការកោតសរសើរ និងចូលរួមអបអរសាទរចំពោះក្មួយៗ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររយៈពេល ១២ឆ្នាំ រហូតទទួលបានលទ្ធផលដ៏ល្អត្រចះត្រចង់នាពេលនេះ។ ជោគជ័យនេះ មិនត្រឹមតែជាកិត្តិយសសម្រាប់ប្អូនៗ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពរបស់សាលារៀន និងមុខមាត់ខេត្តកំពង់ចាមយើងផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ជោគជ័យដែរក្មួយៗ ទទួលបាននេះ គឺកើតចេញពីកត្តាសំខាន់ៗចំនួន ៥ រួមមាន៖ ១.កត្តាសុខសន្តិភាព, ២.កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្ដោតលើការអភិវឌ្ឍន៍ធនធានមនុស្ស សំដៅការកែទម្រង់វិស័យអប់រំ «អ្នកចេះគឺជាប់, ជាប់ដោយមោទនភាព, ធ្លាក់ដោយអស់ចិត្ត», ៣.ការខិតខំប្រឹងប្រែងរបស់ក្មួយ, ៤.ការបង្ហាត់បង្រៀនរបស់លោកគ្រូ/អ្នកគ្រូ និងទី៥.ការគាំទ្រពីឪពុកម្តាយ អាណាព្យាបាល និងសង្គមជាតិទាំងមូល។
ក្មួយៗ សូមបន្តខិតខំសិក្សា រៀនសូត្រ និងកំណត់គោលដៅឱ្យបានច្បាស់ ដើម្បីបន្តការសិក្សានៅ មហាវិទ្យាល័យ និងជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់។ ការសិក្សាជំនាញ នឹងជួយបង្កើនចំណេះដឹង សមត្ថភាព បទពិសោធន៍ និងជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់កសាងអនាគតខ្លួនឯង គ្រួសារ និងចូលរួមបន្តវេនអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនថែមទៀតផងដែរ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ចំនួន ២៦នាក់ ក្នុងម្នាក់ៗទទួលបានកុំព្យូទ័រ Laptop ១គ្រឿង ថវិកា ១លានរៀល និងសម្ភារៈសិក្សា។ ដោយឡែក សិស្សពិការ គ ថ្លង់ ៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល និងសម្ភារៈសិក្សា ព្រមទាំងអាហារូបករណ៍ ៥កន្លែង។ ចំណែកសិស្សមកពីមជ្ឈមណ្ឌលកុមារកំព្រា ២នាក់ ទទួលបាន Laptop ១គ្រឿង ថវិកា ១លានរៀល សម្ភារៈសិក្សា និងអាហារូបករណ៍ ២កន្លែងផងដែរ។រក្សាសិទ្ធិដោយ៖ភ្នំប្រុសភ្នំស្រី













