លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក បានជួបពិភាក្សាការងារជាមួយលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ដើម្បីពិភាក្សាពីឱកាសសេដ្ឋកិច្ចសម្រាប់ក្រុមហ៊ុនអាមេរិក កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ការកេងប្រវ័ញ្ចលើកុមារ និងការជួញដូរគ្រឿងញៀន ព្រមទាំងកិច្ចខិតខំបោសសម្អាតមីនរបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងធ្វើឱ្យសហគមន៍នានា ក្នុងខេត្តសៀមរាបកាន់តែមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយព័ត៏មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានាថ្ងៃទី១៤ខែកញ្ញានេះ។
កិច្ចសហប្រតិបត្តិការនេះបានបន្តជាច្រើនជំនាន់ និងបន្តចូលរួមស្ទើរតែគ្រប់ផ្នែកនៃសហគមន៍ រាប់ចាប់តាំងពីកិច្ចការពារទីតាំងបេតិកភណ្ឌបុរាណ រហូតដល់ការលើកកម្ពស់សមត្ថភាពរបស់អ្នកដឹកនាំសម្រាប់ពេលអនាគត។ សហរដ្ឋអាមេរិកបានវិនិយោគថវិកាជាង ៤ លានដុល្លារ ចាប់តាំងពីឆ្នាំ ២០០៤ ដើម្បីជួសជុលប្រាសាទភ្នំបាខែង រួមជាមួយជំនួយទឹកប្រាក់ចំនួន ៧៥ ០០០ ដុល្លារ ក្នុងការធ្វើទំនើបកម្មបណ្ណាល័យអាមេរិក ឬ American Corner នៅសៀមរាប ដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងវប្បធម៌រវាងអាមេរិក និងកម្ពុជា ការកសាងកម្លាំងពលកម្មនាពេលអនាគត និងការបង្កើនឱកាសវិនិយោគអាមេរិកនៅក្នុងតំបន់។
កិច្ចសហប្រតិបត្តិការនោះ ក៏មានរួមបញ្ចូលនូវកិច្ចខិតខំប្រឹងប្រែងផ្នែកសុខភាព និងសុវត្ថិភាពសាធារណៈ នៅទូទាំងខេត្តផងដែរ។ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កិច្ចខិតខំប្រឹងប្រែងដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលអាមេរិក កំពុងជួយសង្គ្រោះជីវិតមនុស្ស តាមរយៈការពង្រឹងសន្តិសុខសុខភាព និងការថែទាំឱ្យចំគោលដៅ ក្នុងការលុបបំបាត់ជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ ព្រមទាំងទប់ស្កាត់ជំងឺឆ្លង មិនឱ្យរីករាលដាលដល់ អាមេរិក។
ទន្ទឹមនឹងនេះ ជំនួយរបស់រដ្ឋាភិបាលអាមេរិកជាង ២៣៥ លានដុល្លារ សម្រាប់ការបោសសម្អាតមីនចាប់តាំងពីឆ្នាំ ១៩៩៣ មក បានបោសសម្អាតផ្ទៃដីដែលមានគ្រាប់មីនចំនួន ៧១៥ លានម៉ែត្រការ៉េ ដែលមានចំនួនស្មើនឹងទីលានបាល់ទាត់ជាង ១០០ ០០០ ទីលាន ដើម្បីឱ្យប្រជាជនកម្ពុជារាប់សែននាក់អាចត្រឡប់ទៅរស់នៅលើដីធ្លីរបស់ពួកគេវិញដោយសុវត្ថិភាព។ ក្នុងការកសាងអនាគតប្រកបដោយសុវត្ថិភាព ជាមួយកម្ពុជានេះ អាមេរិកក៏បានបណ្តុះបណ្តាលមន្ត្រីនគរបាល អន្តោប្រវេសន៍ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ប្រមាណ ១៧០ នាក់ក្នុងឆ្នាំនេះ ដោយពង្រឹងជំនាញក្នុងការលើកកម្ពស់សុវត្ថិភាពសាធារណៈ និងតម្រង់ទិសលើប្រតិបត្តិការឆបោកដែលបានប៉ះពាល់ដល់ពលរដ្ឋអាមេរិក។
ជារួម សហរដ្ឋអាមេរិក និងកម្ពុជា កំពុងកសាងអនាគតមួយដែលប្រកបដោយសុវត្ថិភាព និងវិបុលភាពសម្រាប់ប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ ៖សុទ្ធលី






