ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានរកឃើញបេក្ខជនចំនួន ៣នាក់ ដែលត្រូវបានសង្ស័យថាបានប្រើប្រាស់ឯកសារក្លែងបន្លំ ក្នុងការដាក់ពាក្យស្នើសុំចូលប្រឡងជ្រើសរើសសិស្សមេធាវី ជំនាន់ទី២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
ការរកឃើញនេះ ត្រូវបានធ្វើឡើងតាមរយៈការចូលរួមសង្កេតការណ៍ និង ការពិនិត្យផ្ទៀងផ្ទាត់សំណុំឯកសាររបស់បេក្ខជនយ៉ាងម៉ត់ចត់របស់ក្រុមការងារ អ.ប.ព. ដែលបានចាប់ផ្តើមតាំងពីដំណាក់កាលទទួលពាក្យ និង បន្តរហូតដល់ដំណាក់កាល ប្រកាសលទ្ធផលស្ថាពរ។
លោក កែវ ធីវុទ្ធ ឧបការី អ.ប.ព. ដែលទទួលបន្ទុករួមក្នុងការដឹកនាំការងារសង្កេតការណ៍ការប្រឡង បានឱ្យដឹងថា ក្រុមការងារ អ.ប.ព. បានចូលរួមត្រួតពិនិត្យដំណើរការជ្រើសរើស ដោយផ្តោតជាពិសេសលើការផ្ទៀងផ្ទាត់ឯកសារភ្ជាប់របស់បេក្ខជន ដើម្បីធានាថាការដាក់ពាក្យប្រព្រឹត្តទៅតាមលក្ខខណ្ឌដែលបានកំណត់។
ក្នុងអំឡុងពេលទទួលពាក្យពីថ្ងៃទី៣ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បេក្ខជនបានទិញពាក្យសរុប ៦៦១ច្បាប់ និងមានបេក្ខជន ៥៧៤នាក់ បានដាក់ពាក្យសុំប្រឡង ក្នុងនោះស្ត្រីមានចំនួន ២២៣នាក់ ស្មើនឹង ៣៨.៨៥ភាគរយ។
គណៈមេធាវីក៏បានសម្រេចពន្យារពេលការលក់ និងទទួលពាក្យបន្ថែមពីថ្ងៃទី៧ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីសម្រួលដល់បេក្ខជនដែលខកខានមិនបានដាក់ពាក្យតាមកាលកំណត់ដំបូង។
លោកស្រី អ៊ូ ស៊ីថា ឧបការី អ.ប.ព. និង ជាអ្នកដឹកនាំក្រុមការងារផ្ទៀងផ្ទាត់ឯកសារ បានបញ្ជាក់ថា បេក្ខជនទាំងអស់ត្រូវបំពេញលក្ខខណ្ឌចំនួន៥ របស់គណៈមេធាវី រួមមាន ត្រូវមានសញ្ជាតិខ្មែរ មានបរិញ្ញាបត្រច្បាប់ ឬសញ្ញាបត្រដែលមានតម្លៃសមមូល មិនមានប្រវត្តិផ្តន្ទាទោសដែលប៉ះពាល់ដល់លក្ខខណ្ឌវិជ្ជាជីវៈ មិនត្រូវមានធនក្ស័យផ្ទាល់ខ្លួនដែលប្រកាសដោយតុលាការ និងត្រូវមានសីលធម៌ និងកាយសម្បទាគ្រប់គ្រាន់សម្រាប់បំពេញការងារ។
ក្រោយការពិនិត្យផ្ទៀងផ្ទាត់ អ.ប.ព. បានរកឃើញបេក្ខជន ៣នាក់ ដែលបានប្រើប្រាស់ឯកសារក្លែងបន្លំ។
អ.ប.ព. នឹងកោះហៅបេក្ខជនទាំង៣នាក់មកបំភ្លឺ ដើម្បីបន្តស្រាវជ្រាវ និងផ្ទៀងផ្ទាត់ភស្តុតាង។
ប្រសិនបើរកឃើញមានធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់ អង្គភាពនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។
អ.ប.ព. បានអំពាវនាវឱ្យបេក្ខជនទាំងអស់គោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងប្រើប្រាស់តែឯកសារពិតប្រាកដ និងព័ត៌មានត្រឹមត្រូវ។
អង្គភាព ប្រឆាំងអំពើពុករលួយបានព្រមានថា ការក្លែងបន្លំ ឬប្រើប្រាស់ឯកសារក្លែង នឹងត្រូវចាត់វិធានការតាមច្បាប់ជាធរមាន ដោយមិនមានការលើកលែងឡើយ៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ដោយ CEN






