ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកមេភូមិម្នាក់ត្រូវគេប្រទះឃើញស្លាប់ក្នុងស្រះទឹក ខណៈម៉ូតូបាត់ពីកន្លែងកើតហេតុ??

ខេត្តបាត់ដំបង៖ ករណីមេភូមិម្នាក់ដែលត្រូវបានប្រទះឃើញស្លាប់នៅក្នុងស្រះទឹកមួយកន្លែងកណ្ដាលវាលស្រែ កំពុងបង្កការចាប់អារម្មណ៍ និងការសង្ស័យពីប្រជាពលរដ្ឋ ខណៈម៉ូតូដែលជនរងគ្រោះជិះចេញពីផ្ទះក៏បានបាត់ពីកន្លែងកើតហេតុផងដែរ។

ទោះជាយ៉ាងណា សមត្ថកិច្ចនគរបាលជំនាញ មិនទាន់អាចសន្និដ្ឋានបាននៅឡើយថា: តើ ករណីនេះ ជាគ្រោះថ្នាក់ ឬជាប់ពាក់ព័ន្ធនឹងបទល្មើស អ្វី? ហើយកំពុងបន្តស៊ើបអង្កេត។

លោក ឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ថា: សាកសព របស់លោក ហេង វណ្ណា ដែលមានតួនាទីជាមេភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ត្រូវបានប្រទះឃើញនៅក្នុងស្រះទឹកមួយកន្លែងនៅកណ្ដាលវាលស្រែ ខណៈម៉ូតូរបស់គាត់មិនមាននៅទីនោះឡើយ។

លោកស្នងការរងបានបញ្ជាក់ថា តាមការពិនិត្យរបស់មន្ត្រីបច្ចេកទេសលើសាកសព មិនទាន់ឃើញមានស្លាកស្នាមដែលបង្ហាញពីការប្រើអំពើហិង្សានោះទេ។ ប៉ុន្តែ
មានតែស្លាកស្នាមត្រីស៊ីបន្តិចបន្តួចនៅលើផ្ទៃមុខប៉ុណ្ណោះ។

ទោះជាយ៉ាងណា ការដែលសាកសពត្រូវបានរកឃើញនៅក្នុងស្រះ ខណៈម៉ូតូរបស់ជនរងគ្រោះបាត់ពីកន្លែងកើតហេតុ គឺជាចំណុចដែលសមត្ថកិច្ចត្រូវបន្តស្រាវជ្រាវ។

តាមការរៀបរាប់របស់ក្រុមគ្រួសារ លោក ហេង វណ្ណា បានចាកចេញពីផ្ទះនៅប្រមាណម៉ោង៦ព្រឹក ថ្ងៃទី១២ ខែកញ្ញា បន្ទាប់ពីផឹកកាហ្វេមួយកញ្ចប់ ហើយជិះម៉ូតូចាស់ប្រភេទ «សង់កូរ៉េ» ចេញទៅ។

មុនចាកចេញ លោកបានប្រាប់ក្រុមគ្រួសារថា លោកទៅមើលត្រីដែលបានដាក់ «ដៃ» នៅក្នុងស្រះមួយកន្លែងនៅឯវាលស្រែ ដែលក្រោយមកក្លាយជាទីតាំងដែលគេប្រទះឃើញសាកសព របស់លើលោក។

ដោយមិនឃើញលោកត្រឡប់មកផ្ទះនៅពេលថ្ងៃត្រង់ កូនរបស់លោកបានជិះម៉ូតូទៅតាមរកនៅទីតាំងដែលលោកបានប្រាប់។

ប៉ុន្តែពេលទៅដល់ មិនបានឃើញឪពុកឡើយ រហូតដល់ប្រមាណម៉ោង១ និង៣០នាទីរសៀល ទើបប្រទះឃើញស្បែកជើងនៅក្បែរមាត់ស្រះ។

ក្រោយមក ពួកគេបានមើលចូលទៅក្នុងស្រះដែលមានជម្រៅប្រមាណត្រឹមជង្គង់ ហើយបានប្រទះឃើញសាកសពលោក ហេង វណ្ណា នៅក្នុងទឹក។

អ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលបន្ថែម គឺម៉ូតូដែលលោកជិះចេញពីផ្ទះមិនត្រូវបានរកឃើញនៅកន្លែងកើតហេតុឡើយ។

ក្រុមគ្រួសារក៏បានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។

ការបាត់ខ្លួនរបស់ម៉ូតូ ខណៈសាកសពត្រូវបានរកឃើញក្នុងស្រះ បានធ្វើឱ្យអ្នកភូមិមួយចំនួនសង្ស័យថា អាចពាក់ព័ន្ធនឹងករណី «ប្លន់សម្លាប់»។

ប៉ុន្តែការសន្និដ្ឋាននេះនៅមិនទាន់មានភស្តុតាងបញ្ជាក់នៅឡើយទេ ហើយសមត្ថកិច្ចក៏មិនទាន់អះអាងថា ជាករណីឃាតកម្ម ឬប្លន់សម្លាប់ដែរ។

លោក ឈឿង គឹមសុង បានបញ្ជាក់ថា សមត្ថកិច្ចកំពុងដឹកនាំមន្ត្រីជំនាញបន្តស្រាវជ្រាវ និងប្រមូលព័ត៌មានពាក់ព័ន្ធ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃការស្លាប់ និងស្វែងរកម៉ូតូរបស់ជនរងគ្រោះដែលបានបាត់ពីកន្លែងកើតហេតុ។

រហូតមកដល់ថ្ងៃទី១៤ ខែកញ្ញា សមត្ថកិច្ចនៅមិនទាន់ធ្វើការសន្និដ្ឋានជាផ្លូវការថា ករណីនេះជាគ្រោះថ្នាក់ ឬជាប់ពាក់ព័ន្ធនឹងបទល្មើសនៅឡើយទេ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>