ភ្នំពេញ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា នៅថ្ងៃទី១៤-១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅក្រុងវៀងចន្ទ ប្រទេសឡាវ មានរៀបចំសន្និសិទអន្តរជាតិស្តីពីការត្រួតពិនិត្យឡេីងវិញនៃការអនុវត្តអនុសញ្ញាហាមឃាត់ការប្រេីប្រាស់គ្រាប់បែកចង្កោម ដែលជាច្បាប់អន្តរជាតិនិងបានចូលជាធរមានតាំងពីខែកញ្ញា ឆ្នាំ២០១០មកម្លេះ ដោយមានរដ្ឋភាគីចំនួន១២៣ប្រទេស។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃទី១៥ខែកញ្ញានេះ ឯកឧត្តម ហេង រតនា បានបន្តទៀតតថាប្រទេសកម្ពុជានិងប្រទេសថៃមិនមែនរដ្ឋភាគី ប៉ុន្តែកម្ពុជាបានគោរពយ៉ាងភ្ជាប់ភ្ជួនតាមខ្លឹមសារនៃការហាមឃាត់ការប្រេីប្រាស់គ្រាប់បែកចង្កោម ដោយឡែកភាគីថៃបានប្រេីប្រាសគ្រាប់បែកចង្កោមយ៉ាងច្រេីននិងឃោរឃៅព្រៃផ្សៃមកលេីកងទ័ពនិងជនសុីវិលកម្ពុជា ដោយបានបាញ់ចំនួនប្រមាណ៦-៧លានគ្រាប់ តាមរយ:គ្រាប់កាំភ្លេីងធំ១៥៥មមប្រមាណ១២០,០០០ទៅ១៣០,០០០គ្រាប់។ សំណល់គ្រាប់បែកចង្កោមបានបង្កគ្រោះថ្នាក់ស្លាប់និងរងរបួសដល់កុមារនិងប្រជាពលរដ្ឋសុីវិលនៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ផ្អែកតាមលទ្ធផលស្រាវជ្រាវព័ត៌មានផលប៉ះពាល់ដោយសំណល់គ្រាប់បែកចង្កោមនៅ៣៣៥ភូមិ មានកំណត់ត្រាទីតាំងសំណល់គ្រាប់បែកចង្កោមចំនួន៤.២៤៤ពហុកោណ ស្មេីនឹង២៩៦.០៩៦ហិកតា ដែលជាដីលំនៅដ្ឋាន ដីភូមិដ្ឋាន ដីកសិកម្ម និងជាដីសេដ្ឋកិច្ចសង្គម ព្រមទាំងហេដ្ឋារចនាសម្ពន្ធរូបវន្តសង្គម។ ដីរងផលប៉ះពាល់ទាំងនេះត្រូវប្រឈមមុខជាមួយគ្រាប់បែកចង្កោមប្រភេទM42, M46 និងM85 ទាំងពេលវេលាចំពោះមុខនិងទៅអនាគត។
ជនរងគ្រោះទាំងអស់រួមទាំងគ្រួសារអ្នកបានស្លាប់ រងរបួស និងអ្នករងគ្រោះប្រមាណជាង៩មុឺនគ្រួសារ មានក្តីសង្ឃឹមនិងរង់ចាំយុត្តិធម៌ជាមួយសំណូមពរដោយទទូចឱ្យសហគមន៍អន្តរជាតិ ជាពិសេសរដ្ឋភាគីអនុសញ្ញាគ្រាប់បែកចង្កោម ថ្កោលទោសរដ្ឋាភិបាលថៃនិងទាហានថៃដែលបានប្រេីប្រាស់គ្រាប់បែកចង្កោមមកលេីកម្ពុជាក្នុងសង្គ្រាមឆ្នាំ២០២៥ និងស្នេីសុំរួមគ្នាចាត់វិធានការឱ្យអ្នកប្រព្រឹត្តិ “ប្រឆាំងច្បាប់អន្តរជាតិនៃការហាមឃាត់ប្រេីប្រាស់គ្រាប់បែកចង្កោម”នេះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិមួយនេះជាដាច់ខាត! ។ រក្សាសិទ្ធិដោយ ៖សុទ្ធលី






























