លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក បានបំពេញទស្សនកិច្ចការងារលើសកម្មភាពកម្ចាត់មីនរបស់នៅមជ្ឈមណ្ឌល APOPO ក្នុងទឹកដីខេត្តសៀមរាប ដោយបានឃើញដោយផ្ទាល់ពីការប្តេជ្ញាចិត្ត និងបច្ចេកវិទ្យាច្នៃប្រឌិតរបស់ក្រុមការងារ ដែលនៅពីក្រោយបេសកកម្មដ៏មានសារៈសំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស។
ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីការប្រកាសអំពីគម្រោងថ្មីមួយដែលមានទឹកប្រាក់ ៣ លានដុល្លារអាមេរិក ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក និងមានរយៈពេល ៣ ឆ្នាំ ជាមួយ APOPO ដើម្បីបោសសម្អាតមីននៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ព្រមទាំងបោសសម្អាតសំណល់មិនទាន់ផ្ទុះនៅខេត្តមណ្ឌលគិរី ដែលគម្រោងនេះនឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កសិកម្ម និងទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងផ្តល់ដីដែលមានសុវត្ថិភាព និងបង្កើតឱកាសថ្មីៗដល់គ្រួសារកម្ពុជា។
ចាប់ពីការរកឃើញ រហូតដល់ការបោសសម្អាត ដៃគូដែលទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក ដូចជា APOPO កំពុងជួយកម្ពុជាឱ្យឈានដល់ការគ្មានមីននៅថ្ងៃអនាគត ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច និងបើកចំហឱកាសថ្មីៗសម្រាប់សហគមន៍នៅទូទាំងប្រទេស៕ រក្សាសិទ្ធិដោយ ៖សុទ្ធលី







