អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះថា កងរាជអាវុធហត្ថបានឃើញព័ត៌មានបង្ហោះតាមបណ្ដាញព័ត៌មានសង្គម ពាក់ព័ន្ធនាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលបានបង្កគ្រោះចរាចរណ៍ កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា នេះ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានហៅលោកវរសេនីយ៍ឯក យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ឱ្យចូលបំភ្លឺដោះស្រាយតាមផ្លូវច្បាប់ និងអនុវត្តបទវិន័យកងទ័ព។
បើតាមអ្នកនោះពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅខណៈនេះ លោកវរសេនីយ៍ឯក យី សំអូន បាននិងកំពុងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សូមជម្រាបថាវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅលេីផ្លូវសហព័ន្ធរុស្សុី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានបុរសបើករថយន្តស៊េរីទំនេីបម៉ាក FORD RANGER ពាក់ផ្លាកលេខខេមរភូមិន្ទ.09-2-3907 បើកបរក្នុងល្បឿនលឿនបុករះរថយន្ត២គ្រឿងនិងម៉ូតូ១គ្រឿងបណ្ដាលឲ្យមនុស្សម្នាក់រងរបួសបញ្ជូនទៅមន្ទីពេទ្យ។ អ្នកបើករថយន្តបង្កហេតុត្រូវបានគេស្គាល់ថា វរសេនីយ៍ឯក យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយបើកបរសង្ស័យក្នុងស្ថានភាពស្រវឹងស្រា៕រក្សាសិទ្ធិដោយ ៖សុទ្ធលី







