ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណទាំងឡាយ ដែលបាន លាចាកលោកនេះទៅកាន់លោកខាងមុខ និងជាឱកាសសម្រាប់ជួបជុំឪពុកម្ដាយ បងប្អូនញាតិមិត្ត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរវាងគ្នា។ ឆ្នាំនេះ ពិធីបុណ្យនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។
ពិធីបុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លានៅក្នុងព្រះពុទ្ធសាសនា ដែលក្នុងមួយឆ្នាំមានតែម្ដង និងមានរយៈពេល ២៩ថ្ងៃ ដោយវត្តអារាមមួយទទួលបានតែអង្គកឋិនទានមួយជាទានដ៏មានផលានិសង្សសម្រាប់ទាយក ទាយិកា និងបដិគ្គាហក។ ឆ្នាំនេះ ពិធីបុណ្យនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមផែនការណែនាំលេខ ១០/២០២៦ គ.ជ.ប.អ. ចុះថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីចូលរួម អបអរសាទរពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ឱ្យបានអធិកអធម ស្របតាមទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនា និងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១- រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ទីតាំង អាជីវកម្មគ្រប់ប្រភេទ និងគេហដ្ឋានបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ៖
- លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោក អមដោយការតុបតែងលម្អរចនា បំភ្លឺ ភ្លើងពណ៌ចម្រុះនៅតាមបណ្តាអង្គភាព ទីតាំងអាជីវកម្ម និងគេហដ្ឋានរបស់ខ្លួន ឱ្យបានផុលផុស សម្រាប់ផ្សារទំនើប ផ្សារម៉ាត អគារពាណិជ្ជកម្ម ក្រុមហ៊ុន រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល កម្សាន្ត សំណង់បុរី និងទីតាំងអាជីវកម្មគ្រប់ប្រភេទ សូមរៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺ និងដាក់គោមភ្លើង បំភ្លឺនៅតាមរបងមុខអគារ ឬ តាមជញ្ជាំងអគារ ឬ ដើមឈើ និងទីតាំងអាជីវកម្មរបស់ខ្លួន។ សម្រាប់ទីតាំង អាជីវកម្មដែលមានសួនច្បារ សូមបាញ់ទឹកពណ៌នាពេលថ្ងៃ និងពេលរាត្រី ដោយរៀបចំបំពាក់ខ្សែភ្លើងពណ៌ បំភ្លឺចម្រុះ ដើម្បីបង្កើនសោភ័ណភាព ឱ្យកាន់តែស្រស់ស្អាត។
២- រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្មគ្រប់ប្រភេទ ត្រូវផ្សព្វផ្សាយអំពីខ្លឹមសារនៃពិធីបុណ្យ ទាំងពីរខាងលើ ឱ្យបានជ្រួតជ្រាបទូលំទូលាយ និងត្រូវបំផុសលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួលដល់មន្ត្រី រាជការ និងបុគ្គលិកក្រោមឱវាទជាពុទ្ធសាសនិក បានចូលរួមបំពេញកុសលជាប្រពៃណីនៅតាមវត្តអារាម ឬ នៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងបានជួបជុំក្រុមគ្រួសារតាមបំណងប្រាថ្នា។
៣-រដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង១០៥ ត្រូវ៖ - ធ្វើការណែនាំ និងអប់រំដល់យុវជន យុវនារី កុមារា កុមារី ដែលចូលរួមពិធីដង្ហែអង្គកឋិនទាន ត្រូវយល់ដឹង ឱ្យបានច្បាស់លាស់ និងទូលំទូលាយអំពីតម្លៃនៃពិធីបុណ្យដ៏ឧត្ដុង្គឧត្តមនេះ ហើយមិនត្រូវបង្កជាបាតុភាព ឬ សកម្មភាពណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃនៃព្រះពុទ្ធសាសនា ដូចជា ការគប់ស្បោងទឹក ជះទឹក គប់អំពៅ គប់ផ្លែឈើ និងគប់វត្ថុរឹងផ្សេងៗ ធ្វើឱ្យខូចរបៀបរៀបរយ បាត់បង់សណ្តាប់ធ្នាប់សង្គម និងអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ
- សហការជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ដើម្បីត្រៀមចាត់កម្លាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍យានយន្តពុទ្ធបរិស័ទចូលក្នុងបរិវេណវត្តអារាម ឱ្យបាន ឆាប់រហ័ស ចៀសវាងការកកស្ទះចរាចរណ៍នៅតាមដងផ្លូវមុខវត្តអារាម
- យកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន និងណែនាំប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន អគ្គិសនី ដែលអាច នាំឱ្យមានគ្រោះអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ
- ហាមឃាត់ និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងសកម្មភាពផ្សេងៗដែលធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ឬ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរគ្រប់ប្រភេទ។ ៤- មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវ៖
- ណែនាំដល់គ្រប់វត្ដអារាម ត្រូវសម្អាតបូជនីយដ្ឋាន ស្តុប និងកន្លែងតម្កល់អដ្ឋិធាតុបងប្អូនជនរួមជាតិដែលបាន បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ សម្អាតអនាម័យ-បរិស្ថានក្នុងបរិវេណវត្តអារាម និងត្រូវរៀបចំតុបតែង លម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងរចនាដោយបំភ្លឺភ្លើងពណ៌ចម្រុះ ឱ្យបានសមរម្យ – ណែនាំដល់គ្រប់វត្តអារាម ត្រូវយកចិត្តទុកដាក់រៀបចំពិធីបុណ្យទាំងពីរ ឱ្យបានល្អប្រសើរ ក្នុងនោះ ត្រូវបង្ក លក្ខណៈងាយស្រួលជូនពុទ្ធបរិស័ទក្នុងការប្រគេនទេយ្យវត្ថុ ពិធីដង្ហែអង្គកឋិនទាន ពិធីបង្សុកូលឧទ្ទិស កុសល និងចាត់ចែងប្រារព្ធពិធីប្រពៃណីសាសនាផ្សេងៗ
- សហការជាមួយរដ្ឋបាលខណ្ឌ ដើម្បីរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរួមជាតិ បុព្វបុរស វីរកងទ័ព និងនគរបាលជាតិ ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា – ផ្សព្វផ្សាយ អប់រំ និងណែនាំដល់ពុទ្ធបរិស័ទដែលផ្តួចផ្តើមរៀបចំពិធីបុណ្យកឋិនទាន ត្រូវត្រួតពិនិត្យមើល ឱ្យបានគ្រប់ជ្រុងជ្រោយលើប្រភេទបុគ្គលដែលចូលរួមពិធីដង្ហែអង្គកឋិនទាន ចៀសវាងមានបុគ្គលទុច្ចរិតបង្ក បាតុភាព ឬ ប្រព្រឹត្តសកម្មភាពនានាដែលនាំឱ្យមានទំនាស់រវាងក្រុមមួយ ទៅក្រុមមួយទៀត ធ្វើឱ្យប៉ះពាល់ ដល់តម្លៃនៃពិធីបុណ្យប្រពៃណីជាតិ។
៥- មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងស្ថានីយទូរទស្សន៍ និងវិទ្យុ ចុះយកព័ត៌មាន ធ្វើការតាមដានស្វែងយល់ ស្រាវជ្រាវប្រវត្តិ ខ្លឹមសារ និងសកម្មភាពនៃពិធីបុណ្យប្រពៃណី និងអំពីរបៀបរបបស្លៀកពាក់ អាកប្បកិរិយា ដែលត្រូវប្រកាន់យកក្នុងពេលចូលរួមពិធីបុណ្យទាំងពីរនេះ ជាពិសេសនៅក្នុងទីវត្តអារាម និងធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយក្នុងរយៈពេលរៀបចំពិធីបុណ្យទាំងពីរ។
៦- មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំផែនការការពារសុខភាព ដោយត្រូវត្រៀមក្រុមគ្រូពេទ្យ ឱសថ សម្ភារបរិក្ខារសុខាភិបាល និងរថយន្តគិលានសង្គ្រោះប្រចាំការនៅតាមតំបន់រមណីយដ្ឋាន និងទីប្រជុំជន កម្សាន្តនានា ដើម្បីត្រៀមជួយសង្គ្រោះបងប្អូនដែលមានបញ្ហាសុខភាព ឱ្យបានទាន់ពេលវេលា។ ៧-មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវរៀបចំតុបតែងលម្អបំភ្លឺភ្លើងតាមបណ្តាសួនច្បារ និង តាមដងវិថី-មហាវិថីនានា ដំឡើងរបាកាត់ទទឹងផ្លូវ លាងសម្អាតផ្លូវ លាបលន ឬ គំនូស នៅតាមវិថី-មហាវិថី ដើម្បីធានានូវបរិស្ថាន សោភ័ណភាពស្រស់ស្អាត និងចូលរួមអបអរសាទរពិធីបុណ្យទាំងពីរ។
៨- មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវរៀបចំកម្មវិធីសម្ដែងសិល្បៈវប្បធម៌នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ រមណីយដ្ឋាននានា និងផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) និងបំផុសចលនា បងប្អូនប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយ ឱ្យបានផុលផុស។រក្សាសិទ្ធិដោយ ៖សុទ្ធលី
















