ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដោះលែងជនជាប់ចោទក្នុងសំណុំរឿងលួចគងស្ពាន់នៅវត្តស្វាយមាស បានធ្វើឡើងតាមនីតិវិធី ច្បាប់!!

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា: ការដោះលែងជនជាប់ចោទម្នាក់ក្នុងសំណុំរឿងលួចគងស្ពាន់នៅវត្តស្វាយមាស ស្ថិតនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ គឺ ត្រូវបានអនុវត្តស្របតាមនីតិវិធីច្បាប់ និងមិនមែនជាការសម្រេចថា ជនជាប់ចោទមានទោស ឬគ្មានទោសនោះឡើយ។

លោក អ៊ី រិន ប្រធានលេខាធិការដ្ឋាន និងរដ្ឋបាល និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺជូនសាធារណជន បន្ទាប់ពីមានការចាប់អារម្មណ៍ជុំវិញការដោះលែងជនជាប់ចោទពាក់ព័ន្ធនឹងករណីបាត់គងស្ពាន់នៅវត្តស្វាយមាស។

តាមសេចក្តីបំភ្លឺ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៦ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះសំណុំរឿងព្រហ្មទណ្ឌលេខ ៤៨៦៤ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដែលមានជនជាប់ចោទឈ្មោះ កង រតនា ភេទប្រុស អាយុ៦៥ឆ្នាំ ពាក់ព័ន្ធនឹងបទលួចគងស្ពាន់នៅវត្តស្វាយមាស។

ជនជាប់ចោទត្រូវបានចោទប្រកាន់តាមបញ្ញត្តិ មាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីស្តាប់ការបំភ្លឺ ការដេញដោលរបស់ជនជាប់ចោទ និងភាគីពាក់ព័ន្ធ ព្រមទាំងពិនិត្យលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងដែលមានក្នុងសំណុំរឿង ចៅក្រមជំនុំជម្រះបានចេញសាលក្រមមុនអង្គសេចក្តី ដោយសម្រេចដោះលែងលោក កង រតនា ពីការឃុំខ្លួន។

តុលាការបានបញ្ជាក់ថា ការសម្រេចនេះធ្វើឡើងដោយពិចារណាលើស្ថានភាពរបស់ជនជាប់ចោទ ដែលមានវ័យចាស់ និងមានបញ្ហាសុខភាព។

ទន្ទឹមនឹងការដោះលែងពីការឃុំខ្លួន តុលាការបានដាក់ជនជាប់ចោទឱ្យស្ថិតក្រោម ការត្រួតពិនិត្យតាមផ្លូវតុលាការ និងតម្រូវឱ្យគោរពកាតព្វកិច្ចមួយចំនួនដែលតុលាការបានកំណត់ ស្របតាមបញ្ញត្តិនៃមាត្រា ៣០៧ និងមាត្រា២២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ជាមួយគ្នានេះ តុលាការក៏បានចេញសាលក្រមចាត់របៀប ដើម្បីបន្តធ្វើកោសលវិច័យ និងពិនិត្យវីដេអូពីកាមេរ៉ាសុវត្ថិភាពឱ្យបានច្បាស់លាស់ ព្រមទាំងពិនិត្យភស្តុតាងពាក់ព័ន្ធផ្សេងទៀត មុននឹងឈានទៅសម្រេចអង្គសេចក្តី។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានសង្កត់ធ្ងន់ថា ការដោះលែងជនជាប់ចោទឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ នៅដំណាក់កាលនេះ មិនមែនជាការសម្រេចអង្គសេចក្តីថា ជនជាប់ចោទមានទោស ឬគ្មានទោសនោះទេ។

ផ្ទុយទៅវិញ សំណុំរឿងនៅតែបន្តស្ថិតក្រោមការចាត់ការរបស់តុលាការ ហើយលទ្ធផលចុងក្រោយនឹងផ្អែកលើភស្តុតាងដែលត្រូវបានប្រមូល ពិនិត្យ និងវាយតម្លៃតាមនីតិវិធីច្បាប់ រួមទាំងលទ្ធផលនៃការធ្វើកោសលវិច័យ និងការពិនិត្យវីដេអូកាមេរ៉ាសុវត្ថិភាព។

សាលាដំបូងរាជធានីភ្នំពេញក៏បានបញ្ជាក់ថា រាល់ចំណាត់ការនីតិវិធីរបស់តុលាការ នៅគ្រប់ដំណាក់កាល ត្រូវបានអនុវត្តក្នុងក្របខណ្ឌសមត្ថកិច្ច និងនីតិវិធីដែលច្បាប់បានកំណត់។

ដូច្នេះ សាលាដំបូងរាជធានីភ្នំពេញបានអំពាវនាវដល់សាធារណជនឱ្យជៀសវាងការសន្និដ្ឋានជាមុនអំពីកំហុស ឬភាពគ្មានកំហុសរបស់ជនជាប់ចោទ ខណៈសំណុំរឿងមិនទាន់មានសេចក្តីសម្រេចស្ថាពរនៅឡើយ។

ការបញ្ជាក់របស់តុលាការបានបង្ហាញថា ការដោះលែងពីការឃុំខ្លួនមិនមានន័យថា សំណុំរឿងត្រូវបានបិទ ឬជនជាប់ចោទត្រូវបានប្រកាសថាគ្មានទោសនោះទេ។

សំណុំរឿងនៅតែបន្ត ហើយតុលាការនឹងសម្រេចបន្តតាមលទ្ធផលនៃការស៊ើបអង្កេត ការពិនិត្យភស្តុតាង និងនីតិវិធីច្បាប់ដែលមានជាធរមាន៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>