ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចេញផ្សាយព័ត៏មានឪ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Rubio បានរៀបចំពិធីស្បថចូលកាន់តំណែងជូនលោកឯកអគ្គរដ្ឋទូត Christopher Anderson ដើម្បីមកដឹកនាំស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ និងជំរុញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាឱ្យឈានទៅកាន់ជំពូកថ្មីមួយ ដោយលើកកម្ពស់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ព្រមទាំងគាំទ្រកម្ពុជាឱ្យកាន់តែរឹងមាំ និងមានវិបុលភាព។
ក្នុងនាមជាអតីតទាហាននៃកងទ័ពជើងគោកសហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូត Anderson នឹងមកដល់រាជធានីភ្នំពេញ ដោយបំពេញការងារផ្តោតលើការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការធ្វើការរួមគ្នាជាមួយដៃគូកម្ពុជាដើម្បីកម្ចាត់បណ្តាញឆបោក ដែលបានលួចយកប្រាក់រាប់ពាន់លានដុល្លារពីប្រជាជនអាមេរិក និងប្រជាជននៅជុំវិញពិភពលោក។
សូមចូលរួមជាមួយយើងដើម្បីស្វាគមន៍យ៉ាងកក់ក្តៅ និងជូនពរដល់ លោកឯកអគ្គរដ្ឋទូត Anderson ក្នុងពេលដែលលោកត្រៀមខ្លួនធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា!៕។រក្សាសិទ្ធិដោយ ៖សុទ្ធលី






