ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិចិនពីរក្រុមឈ្លោះគ្នា ចាក់សាំងដុតផ្ទះនៅបុរីពិភពថ្មី បណ្តាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់!

ភ្នំពេញ៖ ជនជាតិចិនពីរក្រុមបានឈ្លោះប្រកែកគ្នារឿងលុយកាក់ រហូតផ្ទុះជាអំពើហិង្សា ដោយជនសង្ស័យម្នាក់បានយកសាំងទៅចាក់ក្នុងផ្ទះ រួចដុតបង្កឲ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅ និងបណ្តាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់ដោយសាររលាកភ្លើង ក្នុងនោះមានជនជាតិចិន២នាក់ ស្ត្រីជនជាតិខ្មែរ២នាក់ និងទារកជនជាតិចិនអាយុ៧ខែម្នាក់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាប្រមាណជិតម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្ទះលេខ២៣ ផ្លូវលេខ២៥ ក្នុងបុរីពិភពថ្មីកួរស្រូវ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពពីសន្តិសុខយាមនៅបុរីបានឲ្យដឹងថា មុនពេលកើតហេតុ ជនជាតិចិនម្នាក់ដែលជាជនរងគ្រោះ និងជនសង្ស័យម្នាក់ទៀតបានឈ្លោះប្រកែកគ្នាពាក់ព័ន្ធនឹងលុយកាក់ ប៉ុន្តែមិនទាន់ដឹងថាជាបញ្ហាលុយប្រភេទណានោះទេ។

ក្រោយការឈ្លោះប្រកែកគ្នា ជនសង្ស័យបានយកសាំងទៅចាក់ចូលក្នុងផ្ទះ រួចដុតបង្ក ជាអគ្គិភ័យ ក្នុងគោលបំណងធ្វើបាបគូទំនាស់។

ភ្លើងបានឆាបឆេះយ៉ាងលឿន ហើយទោះបីអ្នកជិតខាង និងសន្តិសុខបានយកបំពង់ពន្លត់អគ្គិភ័យទៅជួយបាញ់ ក៏មិនអាចគ្រប់គ្រងបានភ្លាមៗឡើយ។

អគ្គិភ័យបានឆេះសម្ភារៈនៅក្នុងផ្ទះ រួមមានតុ និងកៅអី ព្រមទាំងបណ្តាលឲ្យមនុស្សដែលកំពុងស្ថិតនៅក្នុងផ្ទះរងរបួស។

បន្ទាប់ពីរថយន្តពន្លត់អគ្គិភ័យរបស់បុរីបានចូលអន្តរាគមន៍ និងបាញ់ទឹក ទើបអាចគ្រប់គ្រង និងពន្លត់ភ្លើងបាន។

ជនរងគ្រោះទាំង៥នាក់បានរងរបួសធ្ងន់ ដោយមានស្នាមរលាកលើដងខ្លួន ដៃ ជើង និងផ្ទៃមុខ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

អត្តសញ្ញាណជនរងគ្រោះ និងជនសង្ស័យមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

ក្រោយកើតហេតុ ជនសង្ស័យដែលគេដឹងថាជាជនជាតិចិន បានរត់គេចខ្លួនពីកន្លែងកើតហេតុ។

បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោកំពុងតែស្រាវជ្រាវ និងស្វែងរកជនសង្ស័យ ដើម្បីនាំខ្លួនមកចាត់ការតាមច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>