ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំភ្លើងកែច្នៃផ្ទុះត្រូវក្បាលស្លាប់បុរសវ័យ២៤ឆ្នាំ ម្នាក់  នៅមណ្ឌលគិរី សមត្ថកិច្ចឃាត់ខ្លួនពូបង្កើត!

ខេត្តមណ្ឌលគិរី៖ បុរសជនជាតិដើមភាគតិចព្នងម្នាក់អាយុ ២៤ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីកាំភ្លើងកែច្នៃដែលកំពុងដឹកតាមម៉ូតូបានផ្ទុះឡើង បណ្តាលឱ្យគ្រាប់កាំភ្លើងចំក្បាល ក្នុងហេតុការណ៍មួយនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

បន្ទាប់ពីឧប្បត្តិហេតុនោះសមត្ថកិច្ចនគរបាល ក៏បានឃាត់ខ្លួនបុរសម្នាក់ដែលត្រូវជាពូបង្កើតរបស់ជនរងគ្រោះ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមច្បាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងចម្ការកៅស៊ូ ស្ថិតក្នុងភូមិពូជ្រៃចុងផាង (ដេអេ) ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឱ្យដឹងថា: ជនរងគ្រោះ មាន ឈ្មោះ សាណី ណាវី អាយុ ២៤ឆ្នាំ ជនជាតិដើមភាគតិចព្នង និង មានមុខរបរ ជាកសិករ។

ចំណែកជនសង្ស័យ មាន ឈ្មោះ ឃុន ត្រឹក អាយុ ៣២ឆ្នាំ ជា ជនជាតិព្នង និង មានមុខរបរ ជាកសិករ និង ត្រូវជាពូបង្កើតរបស់ជនរងគ្រោះ។

តាមការបញ្ជាក់របស់សមត្ថកិច្ច អ្នកទាំងពីរបាននាំគ្នាទៅដាក់អន្ទាក់ខ្សែភ្លើងឆក់សត្វនៅក្នុងចម្ការដំឡូងមី។ បន្ទាប់ពីឃើញសញ្ញាថាមានជ្រូកព្រៃជាប់អន្ទាក់ ពួកគេបានចុះទៅពិនិត្យ ប៉ុន្តែបានឃើញតែស្នាមរបួសរបស់ជ្រូកព្រៃ ដែលបានរត់ចូលព្រៃបាត់។

បន្ទាប់មក ជនរងគ្រោះបានទូរសព្ទហៅបងប្រុស និងអ្នកភូមិឱ្យយកឆ្កែមកជួយតាមរក។

ទោះជាយ៉ាងណា ក្រុមអ្នកស្វែងរកមិនអាចរកឃើញជ្រូកព្រៃនោះឡើយ ហើយដោយសារមេឃជិតភ្លៀង ពួកគេបាននាំគ្នាត្រឡប់ទៅរោងចម្ការវិញ។

នៅពេលធ្វើដំណើរត្រឡប់ ជនរងគ្រោះបានបើកម៉ូតូដឹកជនសង្ស័យ ខណៈជនសង្ស័យកាន់កាំភ្លើងកែច្នៃនៅចំហៀងម៉ូតូ។

នៅលើផ្លូវរអិល ម៉ូតូបានរអិលកង់ក្រោយ ហើយកាំភ្លើងបានប៉ះនឹងដើមកៅស៊ូ។

តាមសមត្ថកិច្ច ការប៉ះទង្គិចបានធ្វើឱ្យកៃកាំភ្លើងរាល និងបណ្តាលឱ្យកាំភ្លើងផ្ទុះ។ គ្រាប់កាំភ្លើងបានបាញ់ចំក្បាលជនរងគ្រោះពីខាងក្រោយធ្លាយទៅផ្នែកខាងមុខ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

លោក សាណី ជូត ដែលត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ថា បន្ទាប់ពីឮសំឡេងស្រែកហៅឱ្យជួយ លោកបានប្រញាប់ទៅកាន់កន្លែងកើតហេតុ ហើយបានឃើញប្អូនប្រុសដេកផ្កាប់មុខលើដី ដោយមានឈាមហូរតាមក្បាល និងច្រមុះ។

ក្រោយពេលដឹងថាប្អូនប្រុសបានស្លាប់ លោកបានរាយការណ៍ទៅឪពុក ដើម្បីរៀបចំយកសពទៅធ្វើបុណ្យតាមប្រពៃណី។

ការពិនិត្យកោសល្យវិច័យរបស់មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា សពមានស្នាមរបួសធ្ងន់ធ្ងរនៅផ្នែកក្បាល ដោយគ្រាប់បានធ្លាយពីខាងក្រោយទៅខាងមុខ ដែលបណ្តាលមកពីកាំភ្លើងកែច្នៃ។

ក្នុងករណីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូមួយគ្រឿង កាំភ្លើងកែច្នៃមួយដើម កាំបិតស្នៀតមួយ កាបូបស្ពាយ អាគុយ ខ្សែលួស និងឧបករណ៍មួយចំនួនសម្រាប់ឆក់សត្វ និងប្រើប្រាស់ជាមួយកាំភ្លើង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយវត្ថុតាង ដើម្បីបញ្ជូនទៅការិយាល័យជំនាញ កសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>