សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជាបុរសម្នាក់ កំពុងស្វែងរកជនសង្ស័យជានារីម្នាក់ទៀត ករណីឃាតកម្មវាយស្លាប់នារីស្រស់ស្អាតម្នាក់នៅបន្ទប់ជួលជាន់ទី២ ផ្ទះលេខ២៤១ ផ្លូវ១៤៦ ក្រោយមន្ទីពេទ្យព្រះកុសុមៈ ហៅមន្ទីពេទ្យលោកសង្ឃ ប្រហែល១០០ម៉ែត្រ ភូមិ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
ហេតុការណ៍នេះបានបន្សល់ទុកនូវការសង្ស័យថា ជាករណីហិង្សា រហូតដល់ស្លាប់ ក្រោយពីមានការជួបជុំផឹកស៊ី និងប្រើប្រាស់គ្រឿងញៀន ។
ជនរងគ្រោះមាន ឈ្មោះ កឹម ម៉ារ៉ា អាយុ៣២ឆ្នាំ ជាបុគ្គលិកលក់រថយន្ត រស់នៅក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។
ចំណែកជនសង្ស័យពាក់ព័ន្ធមាន ០២នាក់ រួមមាន : ១- ឈ្មោះ ស៊ន គីមអៃ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអ្នកទិញលក់រថយន្ត (ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន)។ ២- ឈ្មោះ ថាន ស្រីពី ភេទស្រី អាយុ២៦ឆ្នាំ ជាម្ចាស់បន្ទប់កើតហេតុ (បានគេចខ្លួនបាត់)។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ជនរងគ្រោះបានជួបជុំផឹកស៊ីជាមួយមិត្តភក្តិនៅកន្លែងលក់រថយន្ត ដោយមានការចូលរួមពីឪពុករបស់នាងផងដែរ ។ លុះដល់វេលាម៉ោងប្រមាណ ៣:៤១នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ជនរងគ្រោះ និងមិត្តភក្តិទាំង០២នាក់ បានបន្តទៅបន្ទប់ជួលកើតហេតុដើម្បីប្រើប្រាស់គ្រឿងញៀន ។
លុះនៅព្រឹកឡើង ពេលជនរងគ្រោះមានអាការមិនស្រួល ក្រុមជនសង្ស័យបានហៅរថយន្តសាម៉ុយមកដឹកទៅមន្ទីរពេទ្យ ប៉ុន្តែគ្រូពេទ្យបានបញ្ជាក់ថា នាងបានស្លាប់បាត់បង់ជីវិតទៅហើយ ។ ភ្លាមៗនោះ ជនសង្ស័យជាស្ត្រីបានគេចខ្លួនបាត់ ខណៈជនសង្ស័យប្រុស ឈ្មោះ ស៊ន គីមអៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច រូបគេបានសារភាពថា ពិតជាបានវាយ និងទះកំផ្លៀងជនរងគ្រោះមែន ប៉ុន្តែក្នុងចេតនាដើម្បីសង្គ្រោះ បន្ទាប់ពីឃើញនាងសន្លប់ស្ដូកស្ដឹងក្រោយប្រើប្រាស់គ្រឿងញៀន ។
ជាមួយគ្នានោះ បើតាមការពិនិត្យកោសល្យវិច័យរបស់ លោកវេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានរកឃើញស្នាមជាំហើមនៅលើផ្ទៃមុខ និងភ្នែកទាំងសងខាងរបស់សព ហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ (ការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ពីការវាយប្រហារលើផ្ទៃមុខ) ព្រមទាំងមានផ្ទុកសារធាតុញៀនប្រភេទ K និងអិចស្តាស៊ី (Ecstasy) នៅក្នុងខ្លួនផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សព ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ។ ដោយឡែក ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួន និងបន្តស្រាវជ្រាវតាមស្វែងរកចាប់ខ្លួន ជនសង្ស័យម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន៕រក្សាសិទ្ធិដោយ ៖សុទ្ធលី






