ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុត្តិធម៌ក្រោយការរង់ចាំជាងមួយទសវត្សរ៍៖ តុលាការចុះអនុវត្តដីកា ចូលកាន់កាប់ និង ប្រគល់ដីជូនម្ចាស់កម្មសិទ្ធិ

ខេត្តតាកែវ៖ ក្រោយការរង់ចាំអស់រយៈពេលជាងមួយទសវត្សរ៍ ក្តីសង្ឃឹមរបស់លោកស្រី លី គាវ ដែលយល់ព្រម​ទទួលយកអចលនវត្ថុ តាមដីកាសម្រេចរបស់តុលាការ ដោយសារការប្រកាសដាក់លក់អចលនវត្ថុ​ដើម្បីទូទាត់សំណង មិនមានអ្នកទិញ។ បន្ទាប់រង់ចាំអស់រយៈពេលយ៉ាងយូរ នៅពេលនេះបានឈានមកដល់ចំណុចសម្រេចមួយ ខណៈសមត្ថកិច្ចជំនាញបានចុះអនុវត្តដីកា ដើម្បីចូលទៅកាន់កាប់ និងតម្រូវឱ្យអ្នករស់នៅលើទីតាំងដីវិវាទរើចេញ​។ ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីវិវាទរវាងម្ចាស់បំណុល និងកូនបំណុលបានអូសបន្លាយរយៈពេលជាង១០ឆ្នាំ ដោយភាគីកូនបំណុល គឺលោក រ័ត្ន សេង និង ភរិយា ប្រាក់ ហន ត្រូវបានចោទប្រកាន់ថា មិនព្រមអនុវត្តតាមកាតព្វកិច្ចសងបំណុល និង មិនព្រមប្រគល់ទីតាំងដី បើទោះបីសិទ្ធិកម្មសិទ្ធិត្រូវបានផ្ទេរតាមនីតិវិធីច្បាប់រួចហើយក៏ដោយ។


តាមឯកសារគតិយុត្តដែលពាក់ព័ន្ធ វិវាទនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៥ នៅពេលលោក រ័ត្ន សេង និង លោកស្រី ប្រាក់ ហន ជាប់បំណុលលោកស្រី លី គាវ។ ដោយសារមិនអាចដោះស្រាយបញ្ហាបំណុលបាន តុលាការបានបន្តនីតិវិធីតាមផ្លូវច្បាប់ ដើម្បីស្វែងរកដំណោះស្រាយស្របតាមច្បាប់។ នៅឆ្នាំ ២០១៨ តុលាការបានចាត់ចែងលក់ឡាយឡុងអចលនវត្ថុដែលពាក់ព័ន្ធនឹងបំណុលនោះ។ លោកស្រី លី គាវ បានចូលទិញដោយកាត់កងជាមួយបំណុល ហើយក្រោយមកបានទទួល វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប្លង់រឹង ដែលបញ្ជាក់ពីការផ្ទេរសិទ្ធិកម្មសិទ្ធិមកលើរូបលោកស្រីតាមផ្លូវច្បាប់។
ប៉ុន្តែការផ្ទេរកម្មសិទ្ធិលើឯកសារមិនបានធ្វើឱ្យបញ្ហាបញ្ចប់ភ្លាមៗឡើយ។ លោក រ័ត្ន សេង និងលោកស្រី ប្រាក់ ហន ត្រូវបានចោទប្រកាន់ថា នៅតែបន្តកាន់កាប់ដី និង មិនព្រមចាកចេញ ដោយធ្វើឱ្យម្ចាស់កម្មសិទ្ធិថ្មីមិនអាចចូលកាន់កាប់ និងប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួនបានជាក់ស្តែង។ ព័ត៌មានក៏បានឱ្យដឹងថា ភាគីកូនបំណុលបានយកប្លង់ចាស់ដែលលែងមានតម្លៃគតិយុត្ត បន្ទាប់ពីសិទ្ធិកម្មសិទ្ធិត្រូវបានផ្ទេររួច ទៅដាក់បញ្ចាំនៅធនាគារ ដែលធ្វើឱ្យវិវាទកាន់តែស្មុគស្មាញ។
ក្រោយការអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ តុលាការបានឈានទៅអនុវត្តវិធានការដោយផ្ទាល់ ដើម្បីធានាឱ្យសេចក្តីសម្រេចរបស់ខ្លួនមានប្រសិទ្ធភាពជាក់ស្តែង។ ការចូលទៅកាន់កាប់អចលនវត្ថុដែលជាកម្មវត្ថុនៃការអនុវត្ត ស្របតាម ដីកាសម្រេចអនុញ្ញាតឱ្យអនុវត្តជំនួសរបស់សាលាដំបូងខេត្តតាកែវ និងតាមនីតិវិធីច្បាប់ជាធរមាន។ មុនឈានដល់ការបង្ខំអនុវត្តនេះ តុលាការ និងតំណាងអយ្យការបានផ្តល់ឱកាសឱ្យភាគីកូនបំណុលដោះស្រាយបញ្ហាដោយស្ម័គ្រចិត្ត។ ពួកគេត្រូវបានទុកឱសានវាទរយៈពេល ១៥ថ្ងៃ ដើម្បីរុះរើសំណង់ និងប្រគល់ទីតាំងដីជូនម្ចាស់កម្មសិទ្ធិ។


ប៉ុន្តែបន្ទាប់ពីផុតកំណត់ ការអនុវត្តដោយស្ម័គ្រចិត្តមិនបានកើតឡើងឡើយ ហើយសមត្ថកិច្ចក៏ត្រូវបន្តទៅវិធានការអនុវត្តដោយបង្ខំតាមដីកា។ សម្រាប់លោកស្រី លី គាវ ប្រតិបត្តិការនេះ មិនមែនគ្រាន់តែជាការចូលកាន់កាប់លើដីវិវាទប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចបញ្ចប់នៃការរង់ចាំយុត្តិធម៌អស់រយៈពេលជិត៩ឆ្នាំ ចាប់ពីពេលលោកស្រីទទួលបានសិទ្ធិកម្មសិទ្ធិតាមការលក់ឡាយឡុងរបស់តុលាការ។ រឿងរ៉ាវនេះក៏បានបង្ហាញពីសារៈសំខាន់នៃការអនុវត្តសេចក្តីសម្រេចរបស់តុលាការឱ្យមានប្រសិទ្ធភាព ព្រោះយុត្តិធម៌មិនគួរឈប់ត្រឹមការចេញសាលក្រម ឬដីកានៅលើក្រដាសឡើយ។ យុត្តិធម៌ត្រូវតែអាចផ្តល់លទ្ធផលជាក់ស្តែងដល់ភាគីដែលមានសិទ្ធិស្របច្បាប់។
ការចុះអនុវត្តដីកានៅខេត្តតាកែវនេះ ដូច្នេះ មិនត្រឹមតែជាការដោះស្រាយវិវាទដីធ្លីមួយករណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញថា នៅពេលភាគីណាមួយទទួលបានសិទ្ធិតាមនីតិវិធីច្បាប់ ហើយមានសេចក្តីសម្រេចរបស់តុលាការគាំទ្រ សិទ្ធិនោះត្រូវតែត្រូវបានគោរព និងអនុវត្តជាក់ស្តែង។


ក្រោយការតស៊ូតាមផ្លូវច្បាប់អស់ជាច្រើនឆ្នាំ លោកស្រី លី គាវ កំពុងឈានទៅទទួលបានអ្វីដែលលោកស្រីបានរង់ចាំយូរមកហើយ គឺការចូលកាន់កាប់ និងប្រើប្រាស់ទ្រព្យសម្បត្តិដែលលោកស្រីបានទទួលសិទ្ធិកម្មសិទ្ធិតាមច្បាប់។ សម្រាប់អ្នកដែលរង់ចាំយុត្តិធម៌យូរឆ្នាំ ការអនុវត្តដីកានេះគឺជាការរំលឹកថា សិទ្ធិដែលទទួលស្គាល់ដោយច្បាប់ មិនគួរត្រូវបាត់បង់ដោយសារការមិនគោរពសេចក្តីសម្រេចរបស់តុលាការឡើយ៕ រក្សាសិទ្ធដោយ៖CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>