ប្រទេសជប៉ុន៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូ បានដឹកនាំប្រតិភូកីឡា អញ្ជើញដល់ប្រទសជប៉ុន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីហ្គេម(Asian Games)លើកទី២០ ឆ្នាំ២០២៦ នៅទីក្រុង Nagoya ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម អ៊ុក សិទ្ធិជាតិ អនុប្រធានប្រតិភូ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយបេសកកម្ម ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៅអាកាសយានដ្ឋានអន្តរជាតិ Nagoya។
គិតមកដល់ពេលនេះក្រុមជម្រើសជាតិកម្ពុជាបានអញ្ជើញដល់ប្រទេសជប៉ុន ចំនួន៧ប្រភេទកីឡា រួមមាន៖ បាល់ទាត់លើតុ(Taqball) ហែលទឹក ការ៉ាតេ ទ្រីយ៉ាត្លុង យុទ្ធគុនចម្រុះ សូហ្វតិន្នីស និងប្រភេទកីឡាប្រដាល់សកល ដើម្បីចូលរួមប្រកួតដណ្តើមមេដាយជូនជាតិមាតុភូមិ។
ព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីសរុបចំនួន១០៦នាក់ លើ១៤ប្រភេទកីឡា ចូលរួមក្នុងព្រឹត្តិការណ៍កីឡាកម្រិតទ្វីបដែលរៀបចំធ្វើឡើងក្នុងរយៈពេល៤ឆ្នាំ ម្តង៕ រក្សាសិទ្ធិដោយ ៖សុទ្ធលី











