ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអនុញ្ញាតឱ្យគណៈប្រតិភូនៃសមាគមធនាគារនៅកម្ពុជា ដឹកនាំដោយលោក រ័ត្ន សោភ័ណ និងគណៈប្រតិភូនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដឹកនាំដោយ លោក សុខ វឿន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹងកិច្ចសហការរវាង អ.ដ.ក. និងសមាគមទាំងពីរ រួមនិងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងសំណុំរឿងរបស់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ។ កិច្ចជំនួបពិភាក្សាការងារនេះ ធ្វើឡើងនាទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦,ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងយុតិ្តធម៌ និង អ.ដ.ក., ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងនាយកមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) ផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ និងជាប្រធាន អ.ដ.ក. បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានគណៈប្រតិភូនៃសមាគមទាំងពីរ និងបានវាយតម្លៃខ្ពស់អំពីសមិទ្ធផលជាច្រើនដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង អ.ដ.ក. និងសមាគមទាំងពីរ ដែលបានចូលរួមចំណែកដល់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។
នៅក្នុងឱកាសនៃជំនួបពិភាក្សាការងារនេះ លោកប្រធានសមាគមទាំងពីរបានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងបានលើកឡើងអំពីសំណូមពរក្នុងការង្កើតឱ្យមានជាយន្តការសមស្របណាមួយ ដែលមានការចូលរួមពីក្រសួងយុត្តិធម៌ និងតួអង្គពាក់ព័ន្ធ ដើម្បីចូលរួមក្នុងការជំរុញពន្លឿនការដោះស្រាយសំណុំរឿងក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅតាមស្ថាប័នតុលាការ ឱ្យបានកាន់តែឆាប់រហ័ស និងប្រកបដោយគុណភាព ដើម្បីធានាបាននូវបរិយាកាសវិនិយោគល្អ និងបង្កើនជំនឿទុកចិត្តពីសំណាក់អ្នកវិនិយោគិនជាតិ និងអន្តរជាតិ។
ជាការឆ្លើយតប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលយកនូវសំណើរបស់សមាគមទាំងពីរ និងបានផ្តល់នូវអនុសាសន៍ណែនាំមួយចំនួន ដូចខាងក្រោម៖
ទី១- ក្រសួងនឹងសិក្សាលទ្ធភាពបង្កើតឱ្យមានក្រុមការងារមួយ ដើម្បីជួយជំរុញពន្លឿនការដោះស្រាយសំណុំរឿងពាក់ព័ន្ធនឹងវិស័យធនាគារ-ហិរញ្ញវត្ថុ នៅតាមតុលាការឱ្យបានឆាប់រហ័ស។
ទី២- លើកទឹកចិត្តឱ្យសមាគមទាំងពីរផ្សព្វផ្សាយ និងជំរុញដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការប្រើប្រាស់សេវាសារការីឱ្យបានកាន់តែច្រើន ដែលតាមច្បាប់ លិខិតសារការី គឺជាលិខិតអនុវត្ត ដែលអាចជួយកាត់បន្ថយនីតិវិធីប្តឹងផ្តល់នៅតុលាការ។
ទី៣- លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបន្តប្រើប្រាស់សេវារបស់ អ.ដ.ក. ក្នុងការជួយសម្រុះសម្រួលបញ្ចប់វិវាទ ដោយកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទរបស់ អ.ដ.ក. ដែលកើតចេញពីឆន្ទៈព្រមព្រៀងរបស់គូភាគី គឺមានអានុភាពអនុវត្ដដូចសាលក្រមស្ថាពររបស់តុលាការ ហើយកំណត់ហេតុរបស់ អ.ដ.ក. នេះ ភាគច្រើនត្រូវបានគូភាគីយល់ព្រមអនុវត្តដោយស្ម័គ្រចិត្ត។រក្សាសិទ្ធិដោយ ៖សុទ្ធលី













