រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ វេទិកាសារព័ត៌មាន និងកម្មវិធីប្រកួតប្រជែងពានរង្វាន់អ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងក្លាយ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់ សុចរិតភាពព័ត៌មានក្នុងតំបន់មេគង្គ-ឡានឆាង» ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន អ្នកជំនាញ អ្នកផលិតមាតិ យុវជន និងដៃគូពាក់ព័ន្ធមកពីបណ្តាប្រទេសមេគង្គ-ឡានឆាង ចំនួន ប្រមាណ៣០០នាក់។
វេទិកានេះមានគោលបំណងបន្តពង្រឹងការផ្លាស់ប្ដូរបទពិសោធន៍ និងស្វែងរកវិធានការជាក់ស្ដែង ក្នុងការឆ្លើយតបនិងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភាន់ច្រលំ និងព័ត៌មានក្លែងបន្លំ ដែលកំពុង រីករាលដាលកាន់តែឆាប់ រហ័ស ក្នុងបរិបទឌីជីថល និងបញ្ញាសិប្បនិម្មិត។
ថ្លែងក្នុងពិធីបើកវេទិកានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់កាន់តែរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងរក្សាភាពត្រឹមត្រូវនៃព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង ដោយគូសបញ្ជាក់ថា ការឆ្លើយតបទៅ នឹងព័ត៌មានមិនពិត មិនអាចផ្ដោតត្រឹមតែការកែតម្រូវក្រោយពេលព័ត៌មាននោះបានរីករាលដាលរួចហើយ នោះទេ ប៉ុន្តែត្រូវកសាងប្រព័ន្ធព័ត៌មានដែលមានភាពរឹងមាំ និងភាពធន់តាំងពីដើម។
ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញនូវគោលការណ៍សាមញ្ញ ប៉ុន្តែមានសារៈសំខាន់ចំនួន៣៖ បង្ការ- ផ្ទៀងផ្ទាត់-សហការ។
ទី១. បង្ការ តាមរយៈការលើកកម្ពស់អក្ខរកម្មព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល ការយល់ដឹង សាធារណៈ ការផលិតមាតិកាប្រកបដោយការទទួលខុសត្រូវ និងការផ្ដល់ព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា និងអាចទុកចិត្តបាន។
ទី២ ផ្ទៀងផ្ទាត់ តាមរយៈការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន ការត្រួតពិនិត្យប្រភពព័ត៌មាន ការផ្ទៀងផ្ទាត់ អង្គហេតុ ការទំនាក់ទំនងសាធារណៈប្រកបដោយភាពជឿជាក់ និងការប្រើប្រាស់បញ្ញា សិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថលដោយការទទួលខុសត្រូវ។
ទី៣ សហការ តាមរយៈការចែករំលែកព័ត៌មាន ការផ្លាស់ប្ដូរវិជ្ជាជីវៈ ការកសាងសមត្ថភាព និង ការបំភ្លឺឱ្យបានទាន់ពេលវេលា នៅពេលព័ត៌មានមិនពិតមានផលប៉ះពាល់ឆ្លងដែន។
នៅក្នុងវេទិកានេះ ក៏មានកិច្ចពិភាក្សាថ្នាក់តំបន់ស្តីពីបញ្ហាប្រឈមថ្មីៗដែលបង្កឡើងដោយព័ត៌មាន ភាន់ច្រលំ តួនាទីរបស់សារព័ត៌មានអាជីព និងអ្នកផលិតមាតិកា… ការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងឌីជីថល ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដោយការទទួលខុសត្រូវ ការឆ្លើយតបរហ័ស និងកិច្ចសហ ប្រតិបត្តិការក្នុងតំបន់។
ក្នុងវេទិកានេះ កម្ពុជា ចិន និងវៀតណាម ក៏បានចែករំលែកបទពិសោធន៍ល្អៗពាក់ព័ន្ធនឹងការ ប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងប្រទេសរបស់ខ្លួន។ កម្ពុជាបានបង្ហាញអំពីបទពិសោធន៍នៃយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ (Say No to Fake News Campaign) ដែលផ្តោតលើការ លើកកម្ពស់ការយល់ដឹងសាធារណៈ អក្ខរកម្មព័ត៌មាន និងការចែករំលែកព័ត៌មានដោយការទទួលខុស ត្រូវ។ ចិនបានចែករំលែកបទពិសោធន៍អំពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបដិសេធពាក្យចចាមអារ៉ាម ការគ្រប់គ្រងបណ្ដាញឌីជីថល និងការសម្គាល់មាតិកាដែលបង្កើតដោយបញ្ញាសិប្បនិមិត្ត ខណៈ វៀតណាមបានបង្ហាញយន្ដការផ្ទៀងផ្ទាត់ព័ត៌មាន ការរាយការណ៍សាធារណៈ និងការឆ្លើយតបដោយមានការសម្របសម្រួល។
កម្មវិធីប្រគល់ពានរង្វាន់អ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្នាំ២០២៦ (Zero Fake News Media and Content Creator Awards 2026) ដែលជាផ្នែកមួយសំខាន់ក្នុងវេទិកានេះ ត្រូវបានរៀបចំឡើងដើម្បីទទួលស្គាល់ និងលើកទឹកចិត្តអ្នកសារព័ត៌មាន អ្នកអនុវត្តសកម្មភាពក្នុង ប្រព័ន្ធផ្សព្វផ្សាយ យុវជន និងអ្នកផលិតមាតិកា ដែលបានរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌ ការទទួលខុសត្រូវ និងផលប្រយោជន៍សាធារណៈ។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា៖ «ភាពត្រឹមត្រូវ សមនឹងទទួលបានការ ទទួលស្គាល់។ វិជ្ជាជីវៈ សមនឹងទទួលបានការទទួលស្គាល់។ ភាពច្នៃប្រឌិតប្រកបដោយការទទួលខុស ត្រូវ សមនឹងទទួលបានការទទួលស្គាល់។ ហើយការរួមចំណែកកសាងទំនុកចិត្តសាធារណៈក៏សមនឹង ទទួលបានការទទួលស្គាល់ដែរ។ »
វេទិកានេះ ក៏បានពិភាក្សាអំពីទិសដៅសហការនាពេលអនាគត ដែលផ្តោតជាសំខាន់លើការ ផ្លាស់ប្តូរវិជ្ជាជីវៈរវាងអ្នកសារព័ត៌មាន និងអ្នកផ្ទៀងផ្ទាត់ព័ត៌មាន ការបណ្តុះបណ្តាលជំនាញផ្ទៀងផ្ទាត់ ឌីជីថល អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ និងការចែករំលែកព័ត៌មាន ព្រមទាំងការពិគ្រោះយោបល់ អំពីលទ្ធភាពបង្កើតបណ្តាញសុចរិតភាពព័ត៌មានមេគង្គ-ឡានឆាង។
កម្ពុជាបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនាពេលអនាគត គួរត្រូវបានអភិវឌ្ឍដោយឈរ លើគោលការណ៍ស្ម័គ្រចិត្ត ជាក់ស្តែង ផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ឈរលើការពិគ្រោះយោបល់ និងឯកភាព ព្រមទាំង គោរពច្បាប់ជាអាទិភាព និងស្ថានភាពជាក់ស្ដែងរបស់ប្រទេសនីមួយៗ។
ថ្លែងក្នុងពិធីបិទវេទិកានេះ ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងជាថ្មីនូវការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការបន្តធ្វើការជាមួយដៃគូសហការក្នុងតំបន់មេគង្គ-ឡានឆាង ដើម្បីពង្រឹងភាពធន់របស់សាធារណជន ជំនាញផ្ទៀងផ្ទាត់ និងការផ្សព្វផ្សាយព័ត៌មានដែលអាចទុកចិត្តបាន។
ឯកឧត្តមរដ្ឋមន្តី បានបញ្ចប់ដោយផ្តល់នូវសារដ៏សំខាន់ថា៖ «បង្ការតាមរយៈអក្ខរកម្ម។ ផ្ទៀងផ្ទាត់តាមរយៈវិជ្ជាជីវៈ។ សហការតាមរយៈភាពជាដៃគូ។»
ក្រសួងព័ត៌មាន សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ
មូលនិធិពិសេសក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ព្រមទាំងដៃគូមកពីតំបន់មេគង្គ-ឡានឆាង វាគ្មិន អ្នកសារព័ត៌មាន អ្នកផលិតមាតិកា យុវជន និងអ្នកចូលរួមទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យ វេទិកា និងកម្មវិធីប្រកួតប្រជែងពានរង្វាន់នេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជោគជ័យ គួរជាទីមោទនៈ៕ រក្សាសិទ្ធិដោយ ៖សុទ្ធលី







