មន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ប៉ុន្មានថ្ងៃនេះ មានការវិភាគវែកញែក រវាងតាម្នាក់ និងរូបមួយសន្លឹក(បុរសម្នាក់កំពុងដើរកាន់គង)ដែលមានអះអាងថា ជាចោរដែលលួចគង នៅវត្តស្វាយមាស រាជធានីភ្នំពេញ ។
មិនត្រឹមតែប៉ុណ្ណោះ, រយៈពេលចុងក្រោយនេះ ក៏មានការផ្សព្វផ្សាយវីដេអូបុរសម្នាក់យកគងមកលក់ ហើយត្រូវបានអ្នកលេងបណ្តាញសង្គមជជែកវែកញែកថា ជាគងវត្តស្វាយមាស ដែលចោរបានលួចយកមកលក់ ។
មន្ត្រីក្រសួងយុត្តិធម៌ លោក Lor Krem បញ្ជាក់លើគណនីហ្វេសប៊ុករបស់លោកថា៖ ១-រូបថតមួយសន្លឹក(បុរសកាន់គងក្នុងវត្ត) ដែលបងប្អូនយកមកវិភាគជជែកវែកញែកនេះ ជារូបបង្កើតឡើងដោយ AI ទេ ហើយមិនមែនជារូបថតពិតដែលដកស្រង់ចេញពីកាមេរ៉ាសុវត្ថិភាពនោះឡើយ។
២-រូបគងក្នុងវីដេអូ ដែលមានបុរសម្នាក់យកមកលក់នេះ មិនមែនជាគងរបស់វត្តស្វាយមាសដែលបាត់នោះទេ (គងវត្តស្វាយមាស ជាកងមានចម្លាក់បែបបុរាណខ្មែរ)។ ផ្ទុយទៅវិញ វីដេអូនេះ ក៏មិនដឹងមានប្រភពមកពីណានោះទេ ។
បច្ចុប្បន្ន៖ សំណុំរឿងចោរលួចគងនេះ កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ហើយតុលាការក៏កំពុងស្រាវជ្រាវស្វែងរកការពិត ដើម្បីធានាភាពត្រឹមត្រូវ និងផ្តល់យុត្តិធម៌ជូនគ្រប់ភាគី ។
ដូច្នេះ សូមមេត្តាបញ្ឈប់ការចែករំលែកព័ត៌មានក្លែងក្លាយ ឬគ្មានប្រភពច្បាស់លាស់ ៕រក្សាសិទ្ធិដោយ ៖សុទ្ធលី







